(អ៊ីតាលី)៖ អាជ្ញាធរអ៊ីតាលីបានឱ្យដឹងថាមនុស្ស ៣,០០០នាក់ត្រូវបង្ខំចិត្តចាកចេញពីផ្ទះរបស់ពួកគេខណៈ មនុស្ស២០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ដល់ទៅ ៧.១ រ៉ិចទ័រ (តួលេខនៃទីភ្នាក់ ងារភូមិសាស្ត្រអាមេរិក(USGS) និង៦.៦រ៉ិចទ័រ (តួលេខនៃទីភ្នាក់ងារភូមិសាស្តរអឺរ៉ុប) បានវាយប្រហារសាជាថ្មី មកលើតំបន់ភាគកណ្ដាលនៃប្រទេសអ៊ីតាលី នៅថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០១៦។
យោងតាម USGS គ្រោះរញ្ជួយដីនេះមានជម្រៅរញ្ជួយ១០៨គីឡូម៉ែត្រពីក្នុងដី និងស្ថិតនៅចំងាយ ៦៨គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុង Perugia ដែលស្ថិតនៅភាគឦសានទីក្រុងរ៉ូម ដោយបានបណ្ដាលឱ្យ អាគារជាច្រើនខ្នងដួលរលំ និងរងការខូចខាតក្នុងនោះរួមមានទាំងព្រះវិហារប្រវត្តិសាស្ត្រ Basilica St. Benedict នៃសហគមន៍ Norcia ដ៏មានវ័យចំណាស់ផងដែរ។
គួររំលឹកថាគ្រោះរញ្ជួយដីកាលពីថ្ងៃអាទិត្យ គឺជាកម្រិតដ៏ខ្លំាងក្លាបំផុតគិតចាប់តំាងពីគ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ ដែលបានវាយប្រហារមកលើភាគខាងត្បូងប្រទេសអ៊ីតាលី ដោយផ្ដាច់យកអាយុជីវិតមនុស្ស ៣,០០០នាក់កាលពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០៕