(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី៣១ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកគ្រោងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត នៅខ្ទង់ខែឧសភាខាងមុខ ដើម្បីចុះកិច្ចព្រមព្រៀងវិនិយោគមួយ ខណៈវានឹងជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងបំផុត ចាប់តាំងពីលោកបានត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីខែមករា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន លោក ត្រាំ បាននិយាយដូច្នេះថា «វាអាចនឹងប្រព្រឹត្តទៅក្នុងខែឧសភា ឬក៏ប្រហែលនៅក្រោយនោះបន្តិច»។ ប្រភពចំនួន៤ ដែលដឹងអំពីផែនការនេះ បានបង្ហើបថា ពាក់កណ្តាលខែឧសភា កំពុងស្ថិតក្រោមការពិចារណា ដើម្បីជ្រើសរើសជាពេលវេលានៃដំណើរទស្សនកិច្ច។ បើតាមលោក ត្រាំ អំឡុងការធ្វើដំណើរនោះ រូបលោកក៏នឹងចូលធ្វើទស្សនកិច្ចនៅកាតា និងអេមីរ៉ាតអារ៉ាប់រួម ផងដែរ។
លោក ដូណាល់ ត្រាំ បានបន្តថា ការធ្វើដំណើរទៅកាន់អារ៉ាប៊ីសាអូឌីត មានគោលដៅជាចម្បង គឺដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគរហូតដល់១ទ្រីលានដុល្លារ ពីទីក្រុងរីយ៉ាដមកក្នុងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក រួមមានទាំងការទិញសម្ភារយោធា ហើយមិនតែប៉ុណ្ណោះ ក៏ទំនងនឹងមានការចុះកិច្ចព្រមព្រៀងស្រដៀងគ្នា នៅកាតា និងអេមីរ៉ាតអារ៉ាប់រួម ផងដែរ។
គួរបញ្ជាក់ថា អំឡុងអាណត្តិកាន់អំណាចលើកទី១ ជាប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៧ លោក ត្រាំ បានជ្រើសរើសយកអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល ជាគោលដៅទស្សនកិច្ចក្រៅប្រទេសលើកដំបូង៕