(ឡុងដ៏)៖ ទូរទស្សន៍ BBC របស់អង់គ្លេស បានឱ្យដឹងថា ប្រាក់ចំណូលរបស់ខ្លួនបានធ្លាក់ចុះ ១.៣ពាន់លានដុល្លារក្នុងមួយឆ្នាំ និងបានព្រមានពីបញ្ហាប្រឈមមិនធ្លាប់មាន ជុំវិញថវិកាដែលរកបានពីការផ្សព្វផ្សាយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ ២០២៥។
BBC Group រំពឹងថាទទួលបានប្រាក់ចំណូលប្រហែល ៧.៩ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២៥/២០២៦ ដែលតំណាងឱ្យការធ្លាក់ចុះប្រហែល ១.៣ពាន់លានដុល្លារប្រចាំឆ្នាំ គិតចាប់តាំងពីឆ្នាំ ២០១០ ជាពេលដែលចាប់ផ្តើមមានអតិផរណា។ នៅក្នុងផែនការយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់ឆ្នាំខាងមុខ BBC បានលើកឡើងថា «បើគ្មានការអន្តរាគមន៍ទេ វានឹងពិបាកក្នុងការរក្សាបាននូវគោលដៅបច្ចុប្បន្ន និងបរិមាណនៃផលិតមាតិកាផ្សព្វផ្សាយ»។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា BBC ក៏កំពុងប្រឈមមុខនឹងបញ្ហារកថវិកាតាមរយៈការផលិតមាតិកាផងដែរ ដោយសារតែដៃគូសហការ និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក កាត់បន្ថយការផ្សព្វផ្សាយរបស់ខ្លួន។ ចំណូលជាចម្បងរបស់ BBC គឺបានមកពីការងារអស់ទាំងនេះ ប៉ុន្តែដំណើរការបានជាប់គាំងអស់រយៈពេល ២ឆ្នាំមកហើយ ចំពេលដែលអតិផរណាទូទៅមានការកើនឡើងយ៉ាងខ្លាំង។
គួរបញ្ជាក់ថា ទូរទស្សន៍ដ៏ធំរបស់អង់គ្លេសមួយនេះ បានកាត់បន្ថយបុគ្គលិកជាង ២ ០០០នាក់ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ហើយវិធីសាស្រ្តនេះបានឈានដល់កម្រិតមួយ ដែលមិនអាចកាត់បន្ថយទៀតបានឡើយ ដើម្បីឱ្យការងារនៅតែអាចដំណើរការបាន៕