លោក Pete Hegseth៖ អាមេរិក នឹងបន្តការការពារឥណ្ឌូប៉ាស៉ីហ្វិក និងច្រកសមុទ្រតៃវ៉ាន់ (Video inside)
31-03-2025 16:13
(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បាននិយាយថា សហរដ្ឋអាមេរិកនឹងផ្តល់ការការពារយ៉ាងរឹងមាំ ប្រកបដោយភាពជឿទុកចិត្តបាន សម្រាប់តំបន់ឥណ្ឌូប៉ាស៉ីហ្វិក រួមទាំងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ ២០២៥។
បន្ទាប់ពីកិច្ចពិភាក្សាជាមួយ លោក Gen Nakatani រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Hegseth បាននិយាយថា «ជប៉ុន អាចស្ថិតនៅជួរមុខ ប្រសិនបើមានឧប្បត្តិហេតុណាមួយ នៅប៉ាស៉ីហ្វិកខាងលិច ហើយយើងអាចជួយគ្នាទៅវិញទៅមក។ សហរដ្ឋអាមេរិកប្តេជ្ញាបន្តទប់ស្កាត់ ដោយត្រៀមខ្លួនជាស្រេច និងគួរឱ្យជឿទុកចិត្តសម្រាប់ឥណ្ឌូប៉ាស៉ីហ្វិក រួមទាំងច្រកសមុទ្រតៃវ៉ាន់»។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំង បានបង្កើនសកម្មភាពយោធាជុំវិញកោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយមិនបានបដិសេធការប្រើកម្លាំង ដើម្បីបង្រួបបង្រួមជាមួយតៃវ៉ាន់ឡើយ។ តាមលោក Hegseth អាមេរិក-ជប៉ុន នឹងឈររួមគ្នាយ៉ាងរឹងមាំប្រឈមមុខចំពោះសកម្មភាពរបស់ចិន៕