(បាងកក)៖ នាព្រឹកថ្ងៃចន្ទនេះ អគារមួយចំនួននៅរាជធានីបាងកកនៃប្រទេសថៃ ភាគច្រើនគឺអគាររដ្ឋាភិបាល ត្រូវបានជម្លៀសមនុស្សចេញ ខណៈមានការរាយការណ៍អំពីរំញ័រ រួមជាមួយស្នាមប្រេះលេចឡើង នៅតាមអគារទាំងនោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post នាថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥។

សកម្មភាពជម្លៀសមនុស្សខាងលើ បានកើតឡើងកាលពីវេលាម៉ោងខ្ទង់១០ព្រឹក ហើយក្នុងចំណោមកន្លែងដែលប៉ះពាល់ រួមមានទាំង​ទីតាំងអគាររដ្ឋាភិបាលនៅលើផ្លូវ Chaeng Watthana, ក្រសួងការងារនៅសង្កាត់ Ding Daeng និងអគារតុលាការនៅផ្លូវ Ratchadaphisek។ នៅឯអគាររដ្ឋាភិបាលផ្លូវ Chaeng Watthana និងក្រសួងការងារ មានការរាយការណ៍អំពីរំញ័រ និង​ស្នាមប្រេះ។ ទន្ទឹមគ្នានេះ ក៏មានការជម្លៀសមនុស្សដូចគ្នាដែរ ចេញពីទីស្នាក់ការកណ្តាលនៃធនាគាររដ្ឋ GH ក្នុងសង្កាត់ Huai Khwang, តុលាការព្រហ្មទណ្ឌ នៅផ្លូវ Ratchadaphisek និងការិយាល័យសន្តិសុខសង្គម នៅសង្កាត់ Ding Daeng។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ប្រទេសថៃ បានទទួលរងឥទ្ធិពលខ្លាំងគួរសម នៃគ្រោះរញ្ជួយនៅកម្រិត៧.៧រ៉ិចទ័រ នៅឯប្រទេសមីយ៉ាន់ម៉ា។ នៅទីក្រុងបាងកក អគារមួយខ្នងកម្ពស់៣០ជាន់ ដែលកំពុងសាងសង់ សម្រាប់បម្រើជាការិយាល័យសវនកម្មរបស់រដ្ឋាភិបាល បានដួលរលំ នៅសង្កាត់ Chatuchak ហើយផ្តាច់ជីវិត​កម្មករយ៉ាងហោច១០នាក់ ខណៈប្រហែល៨០នាក់ទៀត នៅបន្តបាត់ខ្លួន។ ក្រៅពីនេះ ក៏មានមនុស្ស៧នាក់ទៀត បាត់បង់ជីវិត នៅកន្លែងផ្សេងទៀត ក្នុងទីក្រុងបាងកកផងដែរ ភាគច្រើននៅតាមការដ្ឋានសាងសង់។ ក្រោយរញ្ជួយដីនោះ មានសេចក្តីរាយការណ៍​សរុបចំនួន២០០០ករណី ទាក់ទងនឹងស្ថានភាពខូចខាតតាមអគារ និងហេដ្ឋារចនាសម្ព័ន្ធ នៅបាងកក៕