Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មានរំញ័រ aftershock តូចៗសរុប ៧៧ដង កើតឡើងនៅមីយ៉ាន់ម៉ា ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់​ (Video inside)

30-03-2025 10:15

(យ៉ាងហ្គន)៖ អង្គភាពឃ្លាំមើលគ្រោះរញ្ជួយដីនៃនាយកដ្ឋានឧតុនិយមថៃ បានឱ្យដឹងថាគិតត្រឹមម៉ោង ៦ព្រឹក ថ្ងៃសៅរ៍ ទី២៩ ខែមីនា មានរំញ័រ aftershock តូចៗសរុប ៧៧ដង ត្រូវបានរាយការណ៍ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៧រ៉ិចទ័រវាយប្រហារនៅក្បែរទីក្រុង Mandalay កាលពីថ្ងៃទី២៨ ខែមីនា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes។

តាមអង្គភាពថៃខាងលើដដែល រំញ័រ aftershock តូចៗទាំងនោះមានកម្រិតរញ្ជួយទាប និងមិនបានធ្វើឱ្យញ័រដល់តំបន់ជាច្រើននៃប្រទេសថៃនោះទេ។ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៧ រ៉ិចទ័រ និងមានជម្រៅ ១០គីឡូម៉ែត្រទៅក្នុងដី បានវាយប្រហារកែ្បរទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា នៅម៉ោង១៖២០នាទី កាលពីថ្ងៃទី២៨ ខែមីនា ដោយក៏បង្កការរំញ័រដល់ប្រទេសថៃផងដែរ។ Mandalay ស្ថិតនៅចម្ងាយ ប្រហែល ៣៩២គីឡូម៉ែត្រពីស្រុក Pang Mapha នៃខេត្ត Mae Hong Son ប្រទេសថៃ។

គ្រោះរញ្ជួយដីនេះបានបង្កផលប៉ះពាល់ដល់ភាគខាងជើង និងភាគកណ្ដាលប្រទេសថៃ ជាពិសេសទីក្រុងបាងកក ដោយបង្កការខូចខាតដល់អគារជាច្រើន។ គិតត្រឹមថ្ងៃទី២៩ ខែមីនា រដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា បានឱ្យដឹងថាមនុស្សយ៉ាងហោច ១៦៤៤នាក់បានស្លាប់ ខណៈនៅទីក្រុងបាងកក មានអ្នកស្លាប់ ១០នាក់ ដោយសារគ្រោះរញ្ជួយដីនេះ៕