Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងត្បូង៖ មនុស្សកាន់តែច្រេីនប្រមូលផ្តុំគ្នាតវ៉ា នៅទីក្រុងសេអ៊ូល ជុំវិញជោគវាសនារបស់ប្រធានាធិបតីព្យួរតំណែង លោក Yoon​ (Video inside)

29-03-2025 19:49

(សេអ៊ូល)៖ នៅថ្ងៃសៅរ៍ ទី២៩ ខែមីនា ប្រជាជនកូរ៉េខាងត្បូងរាប់សែននាក់ មានទាំងអ្នកគាំទ្រ និងអ្នកប្រឆាំងប្រធានាធិបតីព្យួរតំណែងលោក Yoon Suk Yeol បានប្រមូលផ្តុំតវ៉ាកាន់តែខ្លាំង ខណៈដែលតុលាការធម្មនុញ្ញរបស់ប្រទេសនេះ កំពុងថ្លឹងថ្លែងថាតើត្រូវដកតំណែងរូបលោកឬអត់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ផ្លូវសំខាន់ៗ ឆ្លងកាត់កណ្តាលទីក្រុងសេអ៊ូល ពោរពេញទៅដោយក្រុមអ្នកតវ៉ា ដោយមានកាន់ស្លាកសញ្ញានយោបាយ និងគ្រវីទង់ជាតិ បើទោះបីជាអាកាសធាតុចុះត្រជាក់ក៏ដោយ។

អ្នកតវ៉ាប្រឆាំងលោក Yoon ម្នាក់បាននិយាយថា ប្រជាជនមានការហត់នឿយ និងខកចិត្តខ្លាំង ខណៈវិបត្តិដែលកំពុងបន្តនៅតែមិនអាចដោះស្រាយបាន។ ការពន្យាពេលសម្រេចជោគវាសនារបស់ លោក Yoon នាំឱ្យមានមន្ទិលកាន់តែខ្លាំងឡើង។ ប៉ុន្តែខាងអ្នកគាំទ្រវិញបានប្រាប់ AFP ថាការកាត់ក្តីទៅលេីបទចោទប្រកាន់ដេីម្បីដកតំណែង លោក Yoon គឺខុសច្បាប់ ហេីយថាតុលាការធម្មនុញ្ញមិនអាចព្រងើយកន្តើយនឹងសំលេងគាំទ្រចំពោះ លោក Yoon បានទេ។

គួរបញ្ជាក់ថា លោក Yoon ត្រូវបានចោទប្រកាន់ដោយសមាជិកសភាដែលគណប្សប្រឆាំងមានសំឡេងភាគច្រេីន ជុំវិញការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹក នៅថ្ងៃទី ៣ ខែធ្នូ ហើយតុលាការកាលពីខែមុន បានបើកសវនាការជំនុំជម្រះលើបទចោទប្រកាន់ដ៏ចម្រូងចម្រាស់នេះ ដើម្បីកំណត់ថាតើត្រូវដកលោកចេញពីតំណែងជាផ្លូវការឬអត់។​ តុលាការធម្មនុញ្ញមានពេល ១៨០ថ្ងៃ​ ចាប់ពីពេលដែលទទួលយកសំណុំរឿង​ ពោលគឺមានពេលរហូតដល់ខែមិថុនា ដើម្បីសម្រេចជោគវាសនារបស់លោក Yoon៕