(ហ្កាហ្សា)៖ ក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឱ្យដឹងនៅថ្ងៃសៅរ៍ ទី២៩ ខែមីនាថា មនុស្សចំនួន៩២១នាក់ ត្រូវបានសម្លាប់ នៅក្នុងដែនដីប៉ាឡេស្ទីនមួយនេះ គិតចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
សេចក្តីថ្លែងការណ៍ពីក្រសួងសុខាភិបាលហ្កាហ្សា បានបង្ហាញថា តួលេខខាងលើ គឺរួមបញ្ចូលទាំងមនុស្ស២៥នាក់ ដែលបានស្លាប់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ ទន្ទឹមគ្នានេះ ក្រសួងក៏បានរាយការណ៍ផងដែរ អំពីតួលេខមនុស្សបាត់បង់ជីវិតសរុបទាំងអស់ គឺបានបន្តកើនឡើងដល់៥០ ២៧៧នាក់ បើគិតចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា កន្លងមកនេះ ភាគីទាំងពីរសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់គ្នាជាបណ្តោះអាសន្ន ដើម្បីដោះដូរអ្នកទោស និងចំណាប់ខ្មាំង កាលពីខែមករា ហើយការផ្អាកប្រយុទ្ធគ្នានោះ ត្រូវបានអនុវត្តរហូតមកដល់ថ្ងៃទី១៨ ខែមីនា ជាពេលដែល អ៉ីស្រាអែលបានបន្តប្រតិបត្តិការយោធារបស់ខ្លួនឡើងវិញ ប្រឆាំងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា៕