(វ៉ាទីកុង)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បានចាប់ដៃជាមួយ មេដឹកនាំគណបក្សប្រឆាំងនៅក្នុងកិច្ចសន្ទនាមួយនា បុរីវ៉ាទីកុង (Vatican) នៅថ្ងៃអាទិត្យ ក៏ប៉ុន្តែប្រធានាធិបតី ដែលកំពុងធ្លាក់ប្រជាប្រិយភាពរូបនេះ នៅតែបង្ហាញក្ដីកង្វល់ដោយខ្លាចក្រែងគូប្រជែងរបស់ខ្លួនគំរាមធ្វើពហិការសាជាថ្មីសម្រាប់ជំនួបនៅពេលអនាគត នៅក្នុងករណីដែលសំណើមួយចំនួនមិនត្រូវបានបំពេញ។ នេះបើយោង តាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០១៦។
កិច្ចសន្ទនារវាង លោក នីកូឡាស់ ម៉ាឌូរ៉ូ និងបក្សប្រឆាំងក្នុងគោលបំណងស្វែងរកផ្លូវដោះស្រាយវិបត្តិ នយោបាយត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលពីសំណាក់ បុរីវ៉ាទីកុង និងបណ្តាប្រជាជាតិសហភាព អាមេរិកខាងត្បូង (Unasur) ខណៈក្រុមបក្សប្រឆាំងផ្ទាល់បាននិងកំពុងប្រើសិទ្ធិរបស់ពួកគេស្វែងរក ការដាក់ឱ្យដំណើរការនីតិវិធីទម្លាក់លោក ម៉ាឌូរ៉ូ ចេញពីដំណែងដោយពួកគេចាត់ទុកថា លោកគឺជាអ្នកទទួល ខុសត្រូវចំពោះវិបត្តិនយោបាយ និងសេដ្ឋកិច្ចប្រទេសជាតិនៅពេលបច្ចុប្បន្ន។
គួររំលឹកថាលទ្ធផលនៃជំនួបនៅមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ក៏ប៉ុន្តែនៅមុនជំនួបនេះកើតឡើង លោក នីកូឡាស់ ម៉ាឌូរ៉ូ បានព្រមានធ្ងន់ៗថា នឹងចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងដាក់គុកបើសិនជា ពួកគេហ៊ាន ដាក់ឲ្យដំណើរការនីតិវិធីទម្លាក់រូបលោកចេញពីអំណាចនៅឯសភា ដែលគ្រោងនឹងធ្វើឡើងនៅសប្ដាហ៍នេះ ពិតមែនមែននោះ៕