Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីរ៉ង់គំរាមវាយប្រហារលើមូលដ្ឋានយោធាអាមេរិក ប្រសិនបើលោក ត្រាំ ហ៊ានវាយប្រហារមកលើខ្លួនមុន

29-03-2025 13:48

(តេហេរ៉ង់)៖ ប្រធានសភានៃប្រទេសអ៉ីរ៉ង់ កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា បាននិយាយថា ទីក្រុងតេហេរ៉ង់នឹងវាយប្រហារទៅលើ មូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់ ប្រសិនបើទីក្រុងវ៉ាស៉ីនតោន ពិតជាធ្វើតាមការគំរាមអំពីផលវិបាកយោធាចំពោះអ៉ីរ៉ង់ ក្នុងករណីដែលមិនអាចសម្រេចបាន កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ពេលកន្លងទៅក្នុងខែមីនានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកបានផ្ញើលិខិតមួយ ទៅកាន់លោក Ayatollah Ali Khamenei ដែលជាមេដឹកនាំកំពូលរបស់អ៉ីរ៉ង់ ហើយក្នុងនោះលិខិតនោះ បានព្រមានថា មានជម្រើសរើស២ សម្រាប់អ៉ីរ៉ង់ ទី១គឺបង្កើតកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី រីឯទី២គឺសកម្មភាពយោធា។

ប្រធានសភាអ៉ីរ៉ង់ លោក Mohammad Qalibaf បាននិយាយថា ប្រសិនបើអាមេរិកពិតជាហ៊ានវាយប្រហារប្រទេសអ៉ីរ៉ង់មែននោះ តំបន់មជ្ឈិមបូព៌ាទាំងមូល នឹងផ្ទុះឡើងប្រៀបដូចជាផ្កាភ្លើងនៅក្នុងឃ្លាំងគ្រាប់រំសេវយ៉ាងដូច្នោះ ដោយមូលដ្ឋានយោធាអាមេរិក និងសម្ព័ន្ធមិត្តនានារបស់អាមេរិក នៅក្នុងតំបន់ នឹងមិនមានសុវត្ថិភាពឡើយ។ ទីក្រុងតេហេរ៉ង់ ធ្លាប់បាននិយាយថា ខ្លួននឹងមិនចរចាទេ ដរាបណាអាមេរិកនៅតែរក្សាការសម្លុតគំរាម និងការដាក់សម្ពាធជាអតិបរមា។

គួរបញ្ជាក់ថា អំឡុងអាណត្តិទី១ ឆ្នាំ២០១៧- ២០២១ លោក ត្រាំ បានដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ រវាងអ៉ីរ៉ង់និងក្រុមប្រទេសមហាអំណាច ដែលបានដាក់កំហិតលើសកម្មភាពនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ជាថ្នូរនឹង​ការបន្ធូរបន្ថយទណ្ឌកម្ម។ ក្រោយពេលអាមេរិកដកខ្លួនចេញ ហើយដាក់ទណ្ឌកម្មឡើងវិញ អ៉ីរ៉ង់ក៏ឈប់គោរពតាមកិច្ចព្រមព្រៀង ដោយចាប់ផ្តើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមលើសកម្រិតហាមឃាត់៕