Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាវាមុជទឹក​រុស្ស៊ី​២គ្រឿង បង្ហាញខ្លួន​ក្នុងដែន​សមុទ្រ​អង់គ្លេស បង្ក​ហេតុថ្មី​មួយ អំឡុង​ពេលកំពុង​មានភាព​តានតឹង​រវាងគ្នា​

31-10-2016 11:15

(ឡុងដ៍)៖ នាវាមុជទឹករុស្ស៊ីចំនួនពីរគ្រឿងត្រូវបានគេប្រទះឃើញនៅក្នុងដែនសមុទ្រ Irish Sea ខណៈភាពតានតឹងរវាងទីក្រុងមូស្គូ និងចក្រភពអង់គ្លេសបានកើនឡើងដោយសារតែបញ្ហាជម្លោះនៅ ស៊ីរី និងតំបន់អឺរ៉ុបខាងកើត។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Daily Mail នៅមុននេះបន្តិច នាព្រឹកថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០១៦។

នាវាមុជទឹករបស់ប្រទេសរុស្ស៊ីដើរដោយថាមពលនុយក្លេអ៊ែរ និងមានសមត្ថភាពក្នុងការវាយប្រហារមកលើ គោលដៅនៅលើផ្ទៃដីនោះ ត្រូវបានប្រព័ន្ធរ៉ាដារបស់កងនាវា ជើងទឹកចក្រភពអង់គ្លេស ចាប់សញ្ញាបាន។ ជាមួយគ្នានេះដែរដំណឹងថ្មីនេះបានលេចលឺឡើង បន្ទាប់ពីនាវាមុជទឹកផ្សេងទៀតរបស់ប្រទេសរុស្ស៊ី បានធ្វើដំណើរឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ដើម្បីទៅធ្វើការវាយលុក លើទីក្រុងអាឡេប៉ូនៃប្រទេសស៊ិរី ហើយគេជឿជាក់ថានាវាមុជទឹកទាំងពីរគ្រឿង នឹងចូលរួមក្នុងប្រតិបត្តិការនេះ។

គួរបញ្ជាក់ថាការបញ្ជូននាវាមុជទឹក ឆ្លងកាត់ដែនសមុទ្ររបស់អង់គ្លេសជាថ្មីម្តងទៀតនេះនឹងដុតរោលភាព តានតឹងដែលកំពុងតែកើតមានស្រាប់ទៅហើយនោះបន្ថែមទៀត នៅក្រោយពេលចក្រភពអង់គ្លេស និងប្រទេសអឺរ៉ុបមួយទៀតបានសម្រេចចិត្តបញ្ជូនរថពាសដែក និងយន្តហោះចម្បាំងជាច្រើនគ្រឿង ក៏ដូចជាកងទ័ពប្រមាណ៨០០នាក់ទៅកាន់ប្រទេស អេស្តូនី ដែលស្ថិតនៅជាប់ព្រំដែនប្រទេសរុស្ស៊ី ហើយរុស្ស៊ីក៏បានបង្ហាញសញ្ញាទប់ទល់វិញដូចគ្នា នៅតាមតំបន់ព្រំដែនជាមួយអឺរ៉ុប៕