(តូក្យូ)៖ នៅថ្ងៃសៅរ៍ ទី២៩ ខែមីនា ការិយាល័យនាយករដ្ឋមន្រ្តីជប៉ុន បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី Shigeru Ishiba បានផ្ញើការចូលរួមរំលែកទុក្ខរបស់លោក ដល់មីយ៉ាន់ម៉ានិងថៃ ក្រោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ ដែលផ្តាច់ជីវិតមនុស្សសរុបយ៉ាងហោចជាង១០០០នាក់ នៅប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្នុងសារផ្ញើទៅកាន់ប្រទេសមីយ៉ាន់ម៉ា លោក Ishiba បាននិយាយថា រូបលោកសោកសៅជាខ្លាំង ដែលបានដឹងអំពីទំហំខូចខាត ដែលបង្កឡើងដោយរញ្ជួយដីនៅភាគកណ្តាលមីយ៉ាន់ម៉ា ហើយលោកសូមចូលរួមរំលែកទុក្ខដោយស្មោះពីចិត្ត ដល់ជនដែលរងគ្រោះទាំងអស់។ បន្ថែមពីនេះ លោក Ishiba បានបួងសួងឱ្យអ្នករងការប៉ះពាល់ទាំងឡាយ អាចងើបឡើងវិញ ហើយតំបន់ដែលរងគ្រោះ អាចស្តារឡើងវិញឆាប់ៗ ខណៈជប៉ុនឈរនៅជាមួយប្រជាជនមីយ៉ាន់ម៉ាជានិច្ច ក្នុងគ្រាដ៏លំបាកនេះ។
រីឯក្នុងសារដាច់ដោយឡែក ផ្ញើទៅកាន់ប្រទេសថៃ លោកនាយករដ្ឋមន្រ្តីជប៉ុន បាននិយាយថា លោកមានទុក្ខក្រៀមក្រំយ៉ាងខ្លាំង ដោយសារហេតុការណ៍រញ្ជួយដីនេះ និងសូមចូលរួមផ្ញើការអាណិតអាសូរយ៉ាងជ្រាលជ្រៅ ទៅកាន់អ្នកទាំងអស់ ដែលបានរងការប៉ះពាល់ ហើយជប៉ុនក៏ឈរនៅជាមួយថៃជានិច្ចផងដែរ។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃសុក្រសប្តាហ៍នេះ គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ ជម្រៅត្រឹម១០គីឡូម៉ែត្រ បានវាយប្រហារនៅ ភាគពាយព្យពីទីក្រុង Sagaing កណ្តាលប្រទេសមីយ៉ាន់ម៉ា។ នៅថ្ងៃសៅរ៍នេះ របបសឹកមីយ៉ាន់ម៉ា បានប្រាប់ថា មនុស្សកើនដល់១០០២នាក់បានស្លាប់ ហើយ២៣៧៦នាក់បានរងរបួស ប៉ុន្តែតួលេខទាំងនេះ ត្រូវគេរំពឹងថា នឹងនៅបន្តកើនឡើងថែមទៀត។ ចំណែក នៅឯប្រទេសថៃ ដែលបានទទួលរងឥទ្ធិពលរំញ័រខ្លាំង ពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាដែរនោះ មានមនុស្សយ៉ាងហោច១០នាក់ស្លាប់ និងបាត់ខ្លួន១០១នាក់ នៅការដ្ឋានសំណង់៣កន្លែង ក្នុងទីក្រុងបាងកក រួមមានទាំងអគារកំពុងសាងសង់កម្ពស់៣០ជាន់ ដែលបានដួលរលំ៕