(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថា សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយដល់មីយ៉ាន់ម៉ា ដែលបានទទួលរងគ្រោះរញ្ជួយដីដ៏ធំមួយ បន្ទាប់ពីរបបយោធានៃប្រទេសអាស៊ានមួយនេះ បានអំពាវនាវសុំជំនួយពីអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

នៅពេលត្រូវបានសាកសួរពីក្រុមអ្នកសារព័ត៌មាន នៅសេតវិមាន ថាតើលោកនឹងឆ្លើយតបចំពោះការដង្ហោយរកជំនួយ ពីរបបសឹកមីយ៉ាន់ម៉ាដែរឬយ៉ាងណា លោក ត្រាំ បាននិយាយថា គ្រោះរញ្ជួយដីនៅទីនោះ គឺជាហេតុការណដ៏អាក្រក់មួយ ដូច្នេះហើយអាមេរិកនឹងជួយ ខណៈរដ្ឋបាលលោក បានសន្ទនាជាមួយខាងរដ្ឋាភិបាលមីយ៉ាន់ម៉ា រួចហើយ។

កាលពីរសៀលថ្ងៃសុក្រសប្តាហ៍នេះ គ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ព្រមទាំងថៃផងដែរ។ គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ មីយ៉ាន់ម៉ា មានមនុស្សយ៉ាងហោច៦៩៤នាក់ បានស្លាប់ និងជាង១៦៧០នាក់បានរងរបួស ហើយបានរងការបំផ្លិចបំផ្លាញខ្លាំង។ រីឯនៅថៃ មានមនុស្សយ៉ាងហោច៩នាក់ស្លាប់ ក្នុងនោះរួមមានទាំងកម្មករ៨នាក់ ដែលបានបាត់បង់ជីវិត នៅពេលអគារកម្ពស់ ៣០ជាន់ ដែលកំពុងសាងសង់ បានដួលរលំនៅទីក្រុងបាងកក។ បើតាមអាជ្ញាធរថៃ នៅមានកម្មករជាង១០០នាក់ទៀត បាត់ខ្លួន ដែលអាចនៅជាប់ក្រោមគំនរអគារ។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា ត្រូវបានហែកហួរដោយសង្រ្គាមស៉ីវិល អស់រយៈពេល៤ឆ្នាំមកហើយ ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារដណ្តើមអំណាច។ ប៉ុន្មានឆ្នាំមកនេះ សហរដ្ឋអាមេរិក បានដាក់សម្ពាធលើរបបយោធា ដើម្បីជំរុញឱ្យមានការដោះលែងអ្នកទោសនយោបាយ និងកាត់បន្ថយអំពើហិង្សា៕