(បរទេស)៖ វេទិកា E-commerce របស់ចិន TikTok Shop បានប្រកាសថា ខ្លូននឹងបើកដំណើរការដល់អ្នកប្រើប្រាស់នៅប្រទេសបារាំង អាល្លឺម៉ង់ និងអ៊ីតាលីនៅសប្តាហ៍ក្រោយ ដោយពង្រីកវិសាលភាពរបស់ខ្លួនបន្ថែមទៀតទៅកាន់ទ្វីបអឺរ៉ុប បើទោះបីជា TikTok ប្រឈមមុខនឹងការបិទនៅសហរដ្ឋអាមេរិកក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

TikTok Shop ដែលជាសម្ព័ន្ធនឹងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok មាននៅក្នុងចក្រភពអង់គ្លេសចាប់តាំងពីឆ្នំ២០២១ មកម្លេះ ហើយបានបើកដំណើរនៅសហរដ្ឋអាមេរិកក្នុងខែកញ្ញា ឆ្នាំ២០២៣។ តែយ៉ាងណា អនាគត TikTok នៅសហរដ្ឋអាមេរិក គឺមិនច្បាស់លាស់នោះទេ លុះត្រាតែក្រុមហ៊ុនមេចិន ByteDance យល់ព្រមលក់វាទៅឱ្យម្ចាស់ជនជាតិអាមេរិកទើបកម្មវិធីដ៏មានប្រជាប្រិយភាពនេះអាចឈរជើងនៅទីនោះ។

យោងតាមរបាយការណ៍ចុះផ្សាយបានឱ្យដឹងថា TikTok Shop បាននឹងកំពុងព្យាយាមនាំយកអ្នកលក់ដែលមានមូលដ្ឋាននៅអឺរ៉ុបកាន់តែច្រើនឡើងទៅកាន់វេទិកាដែលមានអ្នកលក់ផលិតផលដោយផ្ទាល់ពីប្រទេសចិន។ លោក Jan Wilk ប្រធានផ្នែកប្រតិបត្តិការនៅ TikTok Shop UK បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ Reuters ថា «នៅក្នុងប្រទេសបារាំង អាល្លឺម៉ង់ និងអ៊ីតាលី យើងកំពុងធ្វើការជាមួយពាណិជ្ជកររួចហើយដើម្បីទទួលបានផលិតផលរបស់ពួកគេដែលបានចុះបញ្ជីនៅលើវេទិកា ហើយ TikTok Shop នឹងអាចរកបានសម្រាប់អ្នកប្រើប្រាស់ TikTok របស់យើងចាប់ពីថ្ងៃច័ន្ទខាងមុខនេះ»។ លោករំពឹងថា «ការបើកដំណើរការនៅទ្វីបអឺរ៉ុប នឹងមានល្បឿនលឿនជាងបើធៀបនឹងច្រភពអង់គ្លេស ពីព្រោះនៅចក្រភពអង់គ្លេសកាលពី ៤ ឆ្នាំមុនវាហាក់ថ្មីខ្លាំងណាស់ និងទាមទារឱ្យមានការណែនាំច្រើន»

គួរជម្រាបថា TikTok Shop គឺជាកន្លែងដែលអ្នកប្រើប្រាស់អាចដំណើរការផ្សាយបន្តផ្ទាល់លក់ ឬ (livestreams selling) លក់អ្វីៗគ្រប់យ៉ាងរាប់ចាប់ពីស្បែកជើងប៉ាតា រហូដល់គ្រឿងសម្អាង។ ទន្ទឹមនឹងនេះ TikTok Shop បានបញ្ជាក់ថា នៅចន្ទសប្តាហ៍ក្រោយនេះនឹងមានការចូលរួមពីប្រេនល្បីៗជាច្រើនក្នុងនោះរួមមាន Carrefour, AboutYou និង Cosnova នឹងមាននៅលើវេទិការបស់ខ្លួនផងដែរ៕