(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានរួមគ្នាធ្វើសមយុទ្ធយោធាថ្មីមួយទៀតហើយ ដើម្បីពង្រឹងសមត្ថភាពកងទ័ពរបស់សម្ព័ន្ធមិត្តទាំងពីរ ក្នុងការទប់ទល់នឹងការគំរាមកំហែងរបស់ ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០១៦។
សេចក្តីថ្លែងការណ៍មួយចេញដោយទីបញ្ជាការកងទ័ពជើងទឹក នៃប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា សមយុទ្ធដែលមានរយៈពេលមួយសប្តាហ៍នេះ នឹងមានការចូលរួមពីសំណាក់កងម៉ារីនរបស់កូរ៉េខាងត្បូង ប្រមាណ២,៦០០នាក់ និង១៣០នាក់ផ្សេងទៀតមកពីអាមេរិក។ បន្ថែមពីនេះនាវាចម្បាំងចំនួន១០គ្រឿង រួមជាមួយនិងរថពាសដែក ក៏ដូចជាយន្តហោះចម្បាំងចំនួន៣០គ្រឿងទៀត ក៏នឹងមានវត្តមាននៅក្នុងសមយុទ្ធ ដែលនឹងអាចដុតរោលកូរ៉េខាងជើងបន្ថែមទៀតនោះផងដែរ។
គួរបញ្ជាក់តាមសម្តីអ្នកនាំពាក្យយោធាជើងទឹកកូរ៉េខាងត្បូងបានបញ្ជាក់ថា គោលបំណងនៃការធ្វើសមយុទ្ធ យោធាថ្មីបន្ថែមទៀតនេះ គឺសំដៅទប់ទល់នឹងការបង្កហេតុនានាដែលនឹងអាចបង្កឡើងដោយ ប្រទេសកូរ៉េខាងជើង នៅក្បែរព្រំដែនភាគខាងកើត ជាពិសេសគឺការសាកល្បងគ្រាប់មីស៊ីល ឬអាវុធនុយក្លេអ៊ែរជាដើម៕