(តូក្យូ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ជប៉ុនបានបង្ហាញផែនការជម្លៀសអ្នកស្រុក និងអ្នកទេសចរក្នុងចំនួនប្រហែល ១២០ ០០០នាក់ចេញពីកោះភាគខាងត្បូងរបស់ខ្លួនក្បែរកោះតៃវ៉ាន់ ដោយប្រើពេល ៦ថ្ងៃក្នុងករណីមានអាសន្នកើតឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែមីនា​ ឆ្នាំ ២០២៥។

មន្រ្តីការិយាល័យដោះស្រាយវិបត្តិរបស់រដ្ឋាភិបាលជប៉ុន បាននិយាយថា ផែនការនេះនឹងត្រូវដាក់ចេញនៅពេលដែល ស្ថានភាពសន្តិសុខជុំវិញប្រទេសតឹងតែង និងនៅក្នុងពេលមានអាសន្ន។ អ្វី​ដែល​ជាភាព​អាសន្ន​មិនត្រូវ​បាន​បញ្ជាក់​ទេ ប៉ុន្តែ​វា​អាចជាការ​ជម្លៀស​មនុស្ស​ប្រហែល ១២០ ០០០នាក់​នៅ​កោះ​ចំនួន​ ៥​របស់​ជប៉ុន​ ដែល​នៅ​ស្ថិតនៅក្បែរកោះ​តៃវ៉ាន់។

ក្រោមផែនការនេះ នាវាយោធា ស្រឡាងឯកជន យន្តហោះចម្បាំង នឹងត្រូវបានចល័តដើម្បីជួយដឹកជញ្ជូនមនុស្ស ចេញពីកោះតូចៗ រួមទាំងទៅកាន់កោះ Kyushu នៅចុងភាគនិរតីនៃប្រជុំកោះជប៉ុន។ ចំនួនមនុស្សប្រហែល ១២០ ០០០នាក់នេះ គឺច្រើនជាងទ្វេដងនៃសមត្ថភាពដឹកជញ្ជូនធម្មតា ក្នុងរយៈពេល ៦ថ្ងៃ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបង្កើនសកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់ ហើយ​មិន​បាន​ច្រានចោល​ការ​ប្រើ​កម្លាំង​ដើម្បី​បង្រួបង្រួមជាមួយតៃវ៉ាន់នោះទេ៕