(គែរ)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ជនជាតិរុស្ស៉ី៦នាក់បានបាត់បង់ជីវិត ហើយភ្ញៀវទេសចរបរទេសចំនួន៣៩នាក់ទៀត ត្រូវបានជួយសង្រ្គោះ នៅពេលដែលនាវាមុជទឹកសម្រាប់ទស្សនាទេសភាពក្រោមផ្ទៃទឹក១គ្រឿង បានលិចទឹកនៅក្នុងសមុទ្រក្រហម ក្បែរឆ្នេរទីក្រុងរីសត Hurghada នៃប្រទេសអេហ្ស៉ីប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
អាជ្ញាធរអេហ្ស៉ីបបានឱ្យដឹងថា នាវាមុជទឹកទេសចរណ៍ខាងលើ បានផ្ទុះមនុស្សសរុប៥០នាក់ ក្នុងនោះរួមមានភ្ញៀវទេសចរ៤៥នាក់ ដែលមានជាតិសាសន៍ចម្រុះ ដូចជារុស្ស៉ី ឥណ្ឌា ន័រវែស និងស៊ុយអែត ព្រមទាំងក្រុមការងារនាវាចំនួន៥នាក់ ជាជនជាតិអេហ្ស៉ីប។ នៅពេលនេះ មិនមានអ្នកទេសចរ ឬសមាជិកណាម្នាក់នៃក្រុមការងារនាវា នៅបន្តបាត់ខ្លួនឡើយ។ នាវាមុជទឹកនោះ មានបង្អួចកញ្ចក់ ដែលអាចឱ្យអ្នកដំណើរទស្សនា ផ្កាថ្មនិងសត្វដ៏ស្រស់ស្អាត នៅក្នុងផ្ទៃទឹកនៃសមុទ្រក្រហម ហើយវាអាចមុជទៅក្រោមដល់ជម្រៅ២៥ម៉ែត្រ។ អាជ្ញាធរអេហ្ស៉ីប បានបើកការស៉ើបអង្កេត ដើម្បីស្វែងរកមូលហេតុ ដែលបណ្តាលឱ្យនាវាមុជទឹកនោះលិច។
គួរបញ្ជាក់ថា សមុទ្រក្រហម គឺជាទីតាំងដ៏សំខាន់មួយ សម្រាប់ឧស្សាហកម្មទេសចរណ៍របស់ប្រទេសអេហ្ស៉ីប។ មួយរយៈចុងក្រោយនេះ ឧប្បត្តិហេតុលិចទូកទេសចរណ៍មួយចំនួន បានកើតមានឡើងនៅអេហ្ស៉ីប។ តួយ៉ាង កាលពីខែមិថុនា ឆ្នាំ២០២៤ ទូកមួយគ្រឿងបានលិច ក្រោយរងការខូចខាតដោយសាររលកធំៗ ប៉ុន្តែពុំមានមនុស្សរងគ្រោះថ្នាក់ទេ។ ដោយឡែក នៅខែវិច្ឆិកា ឆ្នាំដដែលនោះ ទូកទេសចរណ៍មួយគ្រឿងទៀត បានលិចពេលកំពុងផ្ទុកភ្ញៀវទេសចរ៣១នាក់ និងក្រុមការងារទូក១៣នាក់។ ជាលទ្ធផលមនុស្សយ៉ាងហោច១១នាក់ បានបាត់បង់ជីវិត៕