(វ៉ាស៊ីនតោន)៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក ឬហៅកាត់ថា FBI បានឱ្យដឹងថាខ្លួនទទួលបាន ដីកាឆែកឆេ និងបានរកឃើញសារអេឡិចត្រូនិច ឬEmail ចំនួន ៦៥០,០០០សារនៅលើកំព្យូទ័រយួរដៃរបស់ អតីតសមាជិកសភាលោក Anthony Weiner ដែលគេជឿជាក់អាចមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវប្រើប្រាស់ Email ឯកជនរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន នៅអំឡុងពេលកាន់ដំណែងជារដ្ឋមន្ត្រីការបរទេស។ នេះបើយោងតាមការចេញផ្សាយដោយកាសែត New York Times ដែលដកស្រង់ដោយសារព័ត៌មាន Russian Today (RT) នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០១៦។
យោងតាម New York Times អ៊ីមែលចំនួន ៦៥០,០០០ នេះត្រូវបានរកឃើញនៅក្នុងក្របខណ្ឌនៃ ការស៊ើបអង្កេតជុំវិញករណី លោក Anthony Weiner បានផ្ញើសារ SMS មានទំនាក់ទំនងផ្លូវភេទជាមួយនឹង ក្មេងស្រីម្នាក់អាយុ១៥ឆ្នាំ ហើយនេះក៏ជាមូលហេតុនៃការលែងលះរវាងលោក និងលោកស្រី Huma Abedin ដែលជាជំនួយការដ៏ជិតស្និតម្នាក់របស់លោកស្រី គ្លីតុន ខណៈក្រុមអ្នកស៊ើបអង្កេតកំពុងត្រូវការដីកាមួយ ផ្សេងទៀតដើម្បីបន្តការស៊ើបអង្កេតលើការឆ្លើយឆ្លងគ្នាតាមរយៈ Email រវាងអ្នកទាំងពីរនាក់នេះសំដៅ កំណត់ថាតើវាមានជាប់ទាក់ទិននឹងរឿងអាស្រូវ Email ឯកជន ឬការរំលោភលើព័ត៌មានសម្ងាត់ពីសំណាក់ លោកស្រី គ្លីនតុន ឬក៏យ៉ាងណា។
គួរបញ្ជាក់ថាមធ្យមភាគនៃការស្ទង់មតិរបស់ New York Times ចេញផ្សាយកាលពីថ្ងៃអាទិត្យ បានបង្ហាញថា លោក ដូណាល់ ត្រាំ បានទទួលសម្លេងគាំទ្រ ៤៦% ទល់នឹង៤២% របស់ លោកស្រីហ៊ីលឡារី គ្លីនតុន នៅបន្ទាប់ពីរឿងអាស្រូវ Email ត្រូវបាន FBI ផ្ដើមស៊ើបអង្កេតសារជាថ្មី៕