(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីនៅថ្ងៃសុក្រ ទី២៨ ខែមីនា បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានលើកឡើងថា អ៊ុយក្រែនអាចដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអនុញ្ញាតឱ្យមានការបោះឆ្នោតថ្មី និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ ក្នុងគោលដៅឈានទៅបិទបញ្ចប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ពូទីន បានលើកឡើងយ៉ាងដូច្នេះថា «ជាគោលការណ៍ រដ្ឋាភិបាលបណ្តោះអាសន្នមួយ អាចបង្កើតឡើងនៅអ៊ុយក្រែន ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ (UN) សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្តាដៃគូរបស់យើង។ នេះគឺដើម្បីរៀបចំ​ការបោះឆ្នោតប្រជាធិបតេយ្យថ្មី រួចនាំមកនូវរដ្ឋាភិបាលមានសមត្ថភាពមួយ ដែលមានការជឿទុកចិត្តពេញលេញពីប្រជាជន ហើយបន្ទាប់មក ចាប់ផ្តើមកិច្ចចរចាជាមួយរដ្ឋាភិបាលនោះ អំពីសន្ធិសញ្ញាសន្តិភាព»

លោក ពូទីន បានបន្តថា រុស្ស៉ីគាំទ្រការស្វែងរកដំណោះស្រាយ សម្រាប់បញ្ហាជម្លោះនានា រួមទាំងអ៊ុយក្រែនផងដែរ ដោយសន្តិវិធី ប៉ុន្តែរុស្ស៉ីមិនត្រូវខាតបង់ដាច់ខាត។ លោកប្រធានាធិបតីរុស្ស៉ី បានគូសបញ្ជាក់ថា បច្ចុប្បន្ន កងទ័ពរុស្ស៉ីកំពុងមានប្រៀបនៅពាសពេញ​ខ្សែបន្ទាត់សមរភូមិមុខ ហើយកំពុងបន្តឆ្ពោះទៅមុខដោយឥតរាថយ និងដោយភាពជឿជាក់ ដើម្បីសម្រេចគោលដៅរបស់ខ្លួន។ លោក ពូទីន ក៏បាននិយាយដែរថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពិតជាចង់ជួយឱ្យសម្រេចបានសន្តិភាពជាមួយអ៊ុយក្រែន ហើយបានអះអាងថា រុស្ស៉ីត្រៀមលក្ខណៈជាស្រេច ក្នុងការសហការជាមួយប្រទេសជាច្រើនផ្សេងទៀត ដើម្បីជួយបញ្ចប់សង្រ្គាម​នៅអ៊ុយក្រែន។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក ពូទីន ពាក់ព័ន្ធរដ្ឋាភិបាលបណ្តោះអាសន្ននៅអ៊ុយក្រែន គឺហាក់ឆ្លុះបញ្ចាំងអំពីការរិះគន់​យូរមកហើយរបស់លោក ដែលថារដ្ឋាភិបាលអ៊ុយក្រែនសព្វថ្ងៃ មិនមែនជាដៃគូចរចាស្របច្បាប់ត្រឹមត្រូវមួយនោះឡើយ ដ្បិតប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបន្តនៅកាន់អំណាចហួសអាណត្តិរបស់លោក ដែលត្រូវបញ្ចប់តាំងពីខែឧសភា ឆ្នាំ២០២៤។ កន្លងមក លោក ហ្សេលេនស្គី ធ្លាប់បានច្រានចោលការរិះគន់នានា ពាក់ព័ន្ធភាពស្របច្បាប់នៃការបន្តអំណាចរបស់លោក ក្រោមហេតុផលថា អ៊ុយក្រែនត្រូវច្បាប់ហាមមិនឱ្យ រៀបចំការបោះឆ្នោត ក្រោមច្បាប់អាជ្ញាសឹក ហើយការរៀបចំបោះឆ្នោត អំឡុង​ពេលមានសង្រ្គាមបែបនេះ នឹងមិនអាចទៅរួចឡើយ។

ដោយឡែក អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក នៅពេលត្រូវបានសាកសួរអំពីការអត្ថាធិប្បាយរបស់លោក ពូទីន ក៏បានឆ្លើយតបថា ការដឹកនាំនៅក្នុងប្រទេសអ៊ុយក្រែន គឺត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញ និងប្រជាជនអ៊ុយក្រែនផ្ទាល់៕