(ប៉ារីស)៖ នៅក្នុងកិច្ចប្រជុំកំពូលនាទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បណ្តាប្រទេសអឺរ៉ុបបានយល់ស្របគ្នា ក្នុងការបង្កើនការដាក់ទណ្ឌកម្មលើរុស្ស៉ីជាជាងបន្ធូរបន្ថយ ជុំវិញសង្គ្រាមឈ្លានពានអ៊ុយក្រែន ខណៈដែលអង់គ្លេស និងបារាំង ចាប់ផ្តើមរៀបចំផែនការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោយសង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ ២០២៥។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែន និងលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចគោលនយោបាយសម្របសម្រួលមួយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើឱ្យអឺរ៉ុបភ្ញាក់ផ្អើល តាមរយៈការរបើកកិច្ចចរចាដោយផ្ទាល់ជាមួយវិមានក្រឹមឡាំង។
យ៉ាងនេះក្តី វាមានតែការឯកភាពគ្នាត្រង់ចំណុចដែលថា ទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ីមិនគួរត្រូវបានបន្ធូរបន្ថយឡើយ ហើយផ្ទុយទៅវិញត្រូវបង្កើនឱ្យកាន់តែខ្លាំងក្លា រហូតដល់សម្រេចបានសន្តិភាព។ កិច្ចប្រជុំចូលរួមដោយប្រមុខរដ្ឋ និងរដ្ឋាភិបាលអឺរ៉ុបច្រើនជាង ១២នាក់ នៅតែសបញ្ជាក់ពីឆន្ទៈខុសៗគ្នា ដោយមិនមានប្រទេសណា ចុះហត្ថលេខាលើផែនការរបស់បារាំង-អង់គ្លេស ក្នុងការពង្រាយកងទ័ពក្រោយសង្គ្រាមនោះទេ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកអះអាងថា មានវឌ្ឍនភាពបណ្តោះអាសន្នឆ្ពោះទៅរកបទឈប់បាញ់ ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ៣ឆ្នាំរវាងរុស្ស៉ី និងអ៊ុយក្រែន។ ប៉ុន្តែមកដល់ពេលនេះ កិច្ចព្រមព្រៀងសន្តិភាពមួយហាក់នៅឆ្ងាយពីការពិតនៅឡើយ៕