(ម៉ានីល)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តយ៉ាងរឹងមាំរបស់សហរដ្ឋអាមេរិក ចំពោះសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយហ្វីលីពីន អំឡុងកិច្ចពិភាក្សា ជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. នៅថ្ងៃសុក្រ ទី២៨ ខែមីនា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Hegseth ដែលកំពុងស្ថិតនៅក្នុងប្រទេសហ្វីលីពីន ក្រោមក្របខណ្ឌនៃការធ្វើទស្សនកិច្ចមកកាន់តំបន់អាស៊ី ក៏បានសង្កត់ធ្ងន់ដែរពីសម្ព័ន្ធភាពរឹងមាំ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំង២។ «ការកំញើញទប់ស្កាត់សង្គ្រាម គឺជារឿងសំខាន់បំផុតនៅជុំវិញពិភពលោក ប៉ុន្តែជាពិសេសគឺនៅក្នុងតំបន់នេះ (អាស៊ី) នៅក្នុងប្រទេសរបស់អ្នក (ហ្វីលីពីន) ដោយសារតែការគំរាមកំហែងពីចិនកម្មុយនិស្ត»។ នេះជាការគូសបញ្ជាក់របស់លោក Hegseth ដោយបន្ថែមថាសហរដ្ឋអាមេរិក និងហ្វីលីពីនត្រូវតែឈរប្រកៀកស្មាគ្នា ដើម្បីប្រឈមមុខនឹងអ្វីដែលលោកហៅថាជាការគំរាមកំហែងពីចិន។
គួរបញ្ជាក់ថា នៅបន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅហ្វីលីពីន លោក Hegseth នឹងត្រូវបន្តធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តសំខាន់ៗរបស់ទីក្រុងវ៉ាស៉ីនតោន។ អំឡុងទស្សនកិច្ចនៅជប៉ុន លោករដ្ឋមន្រ្តីការពារជាតិ នឹងចូលរួមក្នុងពិធីរំលឹកខួបទី៨០ នៃសមរភូមិកោះ Iwo Jima ជាទីដែលកាលពីជិតចុងបញ្ចប់នៃសង្រ្គាមលោកលើកទី២ ឆ្នាំ១៩៤៥ កងទ័ពជប៉ុននិងអាមេរិក បានប្រយុទ្ធគ្នាយ៉ាងសាហាវ អស់រយៈពេល៥សប្តាហ៍៕