(សេអ៊ូល)៖ គណបក្ស Saenuri Party ដែលជាគណបក្សកាន់អំណាច នៅកូរ៉េខាងត្បូង បានជំរុញឱ្យ លោក ស្រីប្រធានាធិបតី ផាក គឺនហេ បង្កើតគណៈរដ្ឋមន្ត្រីថ្មីមួយ ខណៈលោកស្រីផ្ទាល់ កំពុងប្រឈមមុខនឹងការទាម ទារឱ្យចុះចេញពីមុខដំណែងពីសំណាក់ក្រុមបាតុករ ដោយសារតែរឿងអាស្រូវ Choi Gate ដែលថាលោកស្រី ផាក ស្ថិតនៅក្រោមឥទ្ធិពល និងការបង្គាប់បញ្ជាពីស្រ្តីម្នាក់ឈ្មោះ ឆយ ស៊ូនស៊ីល (Choi Soon Sil) ដែលជា មិត្តភក្តិស្និតស្នាលរបស់លោកស្រី។ នេះបើយោងតាមការចុះផ្សាយនៅមុននេះបន្តិចដោយសារព័ត៌មាន កូរ៉េខាងត្បូងយ៉ុនហាប់ នារសៀសថ្ងៃ អាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០១៦។
នៅចំពោះមុខអ្នកសារព័ត៌មាន អ្នកនំាពាក្យគណបក្ស Saenuri Party លោក គីម ស៊ុងវ៉ុន (Kim Sung-won) បានថ្លែងឱ្យដឹងថា ក្រុមប្រឹក្សាកំពូលរបស់បក្ស បានសម្រេចចិត្តកោះប្រជុំជាបន្ទាន់នៅឯទីស្នាក់ការក្នុងទីក្រុង សេអ៊ូល និងបានឈានដល់ការព្រមព្រៀងគ្នា ស្នើសុំឱ្យមានការបង្កើតគណៈរដ្ឋមន្ត្រីអាព្យាក្រឹកថ្មីមួយ ដែល ជ្រើសរើសដោយគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។ បន្ថែមពីលើនេះ លោក គីម ស៊ុងវ៉ុន ក៏បាន បញ្ជាក់ដែរថា គណបក្ស Saenuri Party ជំរុញឱ្យក្រុមរដ្ឋអាជ្ញាចាប់ខ្លួនស្រ្ដីឈ្មោះ ឆយ ស៊ូនស៊ីល ក៏ដូចជា បើកឬពន្លឿនការស៊ើបអង្កេត លើជនពាក់ព័ន្ធនឹងអំពើពុករលួយក្នុងសំណុំរឿងនេះ។
សូមជំរាបថា ស្រ្តីឈ្មោះ ឆយ ស៊ូនស៊ីល (Choi Soon Sil) គឺជាមិត្តភក្តិដ៏ជិតស្និតម្នាក់របស់លោកស្រីផាក គឺន ហេ បានត្រឡប់មកកូរ៉េខាងត្បូងវិញ នៅព្រឹកថ្ងៃអាទិត្យនេះ បន្ទាប់ពីបានបាត់ខ្លួនអស់មួយរយៈ ស្របពេល លោកស្រីផាក កំពុងទទួលរងការរិះគន់យ៉ាងខ្លំាង បើទោះជាបានធ្វើការសូមទោសក៏ដោយ ជុំវិញរឿងដែល សារព័ត៌មានកូរ៉េ នំាគ្នាចុះផ្សាយថា លោកស្រី បានស្ថិតនៅក្រោមឥទ្ធិពលស្រ្តី ឆយ ស៊ូនស៊ីល ពោលគឺរាល់ការ សម្រេចចិត្តទំាងនយោបាយ ឬក៏ការធ្វើសុន្ទរកថាណាមួយ ត្រូវស្នើសុំយោបល់ពីស្ត្រីរូបនេះជាមុនសិន ដែល បានប្រើប្រាស់ឈ្មោះលោកស្រីផាក ទៅបង្កើតមូលនិធិប្រមូលប្រាក់បានរាប់លានដុល្លារ មុននឹងទៅអាល្លឺម៉ង់៕