(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ ណូអែល បារ៉ូ (Jean-Noel Barrot) កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា បានជំរុញឱ្យទីក្រុងប៉េកាំង ជួយនាំរុស្ស៉ីទៅកាន់តុចរចាជុំវិញការបិទបញ្ចប់សង្រ្គាម របស់ខ្លួននៅអ៊ុយក្រែន ខណៈរូបលោកបានជួបសមភាគីចិន លោក វ៉ាង យី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
បារាំង និងចិន បានព្យាយាមស្វែងរកការជំរុញទំនាក់ទំនងក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែទីក្រុងប៉ារីសក៏បានដាក់សម្ពាធផងដែរលើទីក្រុងប៉េកាំងពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយទីក្រុងមូស្គូ ដែលបានកើនឡើង ជាលំដាប់ ចាប់តាំងពីរុស្ស៉ីឈ្លានពានអ៊ុយក្រែន កាលពីឆ្នាំ២០២២មក។ លោក បារ៉ូ បាននិយាយនៅបន្ទាប់ពីជួបលោក វ៉ាង យី នៅឯវិមានរដ្ឋ Diaoyutai ក្នុងទីក្រុងប៉េកាំងថាអ្នកទាំង២ បានពិភាក្សាគ្នា ប្រកបដោយភាពស្មោះត្រង់ និងស៊ីជម្រៅ។ តាមប្រមុខការទូតបារាំងរូបនេះ ចិន និងបារាំងត្រូវតែធ្វើការសម្របសម្រួលដើម្បីលើកកម្ពស់យុត្តិធម៌ និងសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន។
លោកបន្តទៀតថា ចិនក៏មានតួនាទីដែរក្នុងការបញ្ចុះបញ្ចូលរុស្ស៉ីឱ្យត្រឡប់ទៅរកតុចរចាជាមួយភាពប្រាកដប្រជា និងសុច្ឆន្ទៈ។ ជាការឆ្លើយតប លោក វ៉ាង យី បាននិយាយថា «ចិននឹងពង្រឹងកិច្ចសម្របសម្រួល ជាយុទ្ធសាស្ត្ររបស់ពួកយើងពាក់ព័ន្ធនឹងបញ្ហាក្ដៅនៅក្នុងតំបន់ និងអន្តរជាតិ។
គួរបញ្ជាក់ថា កិច្ចពិភាក្សារវាងប្រមុខការទូតបារាំង និងចិន ក៏ផ្តោតជាសំខាន់ផងដែរលើទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងសហភាពអឺរ៉ុប ដែលសុទ្ធសឹងតែកំពុងប្រឈមមុខនឹងការដំឡើងពន្ធគយពីសំណាក់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ៕