(បរទេស)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហាញថា លោកអាចនឹងកាត់បន្ថយពន្ធលើប្រទេសចិន ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងការលក់ប្រតិបត្តិការ TikTok របស់សហរដ្ឋអាមេរិក។ លោក Trump បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធសប្តាហ៍នេះថាប្រទេសចិន «នឹងត្រូវដើរតួនាទីមួយ» ក្នុងការអនុម័តលើការដកខ្លួនចេញពី TikTok ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNBC។​

លោក Trump បានលើកឡើងថា «ប្រហែលជាខ្ញុំនឹងផ្តល់ឱ្យពួកគេនូវការកាត់បន្ថយពន្ធតិចតួច ឬអ្វីមួយដើម្បីធ្វើឱ្យវារួចរាល់»។ «TikTok គឺសំខាន់ ប៉ុន្តែរាល់ចំណុចនៅក្នុងពន្ធមានតម្លៃច្រើនជាង TikTok»។ បើទោះបីជាច្បាប់សន្តិសុខជាតិតម្រូវឱ្យ ByteDance ដកប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក ឬប្រឈមមុខនឹងការហាមឃាត់ដ៏មានប្រសិទ្ធភាពនៅក្នុងប្រទេសក៏ដោយ ប៉ុន្តែវាស្ថិតនៅក្នុងកណ្តាប់ដៃរបស់ Trump ដោយកាលពីខែមករាកន្លងទៅ លោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលពន្យាពេលកំណត់សម្រាប់កិច្ចព្រមព្រៀងនេះដល់ថ្ងៃទី០៥ ខែមេសា។ តែយ៉ាងណា បើតាមការលើកឡើងរបស់ Trump នៅថ្ងៃពុធនេះ បានបង្ហាញថាវាអាចទៅរួចដែលគាត់នឹងពន្យាពេលកំណត់ TikTok ម្តងទៀត។

Trump បានបន្តទៀតថា «យើងនឹងមានទម្រង់នៃកិច្ចព្រមព្រៀមួយ ប៉ុន្តែប្រសិនបើវាមិនទាន់ចប់ទេ វាមិនមេនជាកិច្ចព្រមព្រៀងធំនោះទេ»។ «យើងនឹងពង្រីកវា»។

គួរជម្រាបថា អនុប្រធានាធិបតីអាមេរិក លោក JD Vance បានប្រាប់ CNBC នៅដើមខែនេះថា គាត់មានទំនុកចិត្តថា កិច្ចព្រមព្រៀងទាក់ទងនឹងការលក់ TikTok នឹងកើតឡើងនៅខែមេសា៕