(វ៉ាស៉ីនតោន)៖ សេចក្តីរាយការណ៍ព័ត៌មានរបស់សារព័ត៌មានអាមេរិក New York Times កាលពីថ្ងៃពុធ ទី២៦ ខែមីនា បាននិយាយថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងកាត់ផ្តាច់ការផ្តល់ជំនួយមូលនិធិ ដល់អង្គការសុខភាពអន្តរជាតិ Gavi ដែលជាអ្នកជួយផ្តល់វ៉ាក់សាំងឱ្យបណ្តាប្រទេសកំពុងអភិវឌ្ឈន៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ការសម្រេចចិត្តដូចខាងលើ មាននៅក្នុងឯកសារមួយ ដែលទីភ្នាក់ងារផ្តល់ជំនួយបរទេសរបស់សហរដ្ឋអាមេរិក គឺ USAID បានបញ្ជូនទៅកាន់សភាអាមេរិក កាលពីដើមសប្តាហ៍នេះ។ ឯកសារនោះ រៀបរាប់លម្អិតនូវជំនួយមូលនិធិផ្សេងៗ ដែល USAID គ្រោងបន្ត និងគ្រោងបញ្ឈប់។
ក្រៅពីនេះ អាមេរិកក៏គ្រោងកាត់បន្ថយការគាំទ្រភាគច្រើន សម្រាប់កម្មវិធីប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ផងដែរ ប៉ុន្តែនឹងរក្សាលំហូរមូលនិធិមួយចំនួន សម្រាប់ការព្យាបាលជំងឺអេដស៍ និងរបេង ក៏ដូចជាសម្រាប់ការផ្តល់ជំនួយស្បៀងអាហារ សម្រាប់ប្រទេសទាំងឡាយ ដែលប្រឈមមុខជាមួយជម្លោះ និងគ្រោះមហន្តរាយធម្មជាតិ។
យោងតាម New York Times បុគ្គលិកត្រឹម៨៦៩នាក់ប៉ុណ្ណោះ ក្នុងចំណោមបុគ្គលិកប្រមាណជាង៦០០០នាក់ របស់ USAID កំពុងបន្តការងាររបស់ខ្លួន។ រដ្ឋបាលលោក ត្រាំ បានសម្រេចរក្សាកិច្ចសន្យាផ្តល់ជំនួយរបស់ USAID ត្រឹម៩០០កិច្ចសន្យាប៉ុណ្ណោះ ខណៈ៥៣៤០កិច្ចសន្យាទៀត ត្រូវលុបចោល។ New York Times បានប៉ាន់ប្រមាណថា កញ្ចប់ថវិកាប្រចាំឆ្នាំរបស់ USAID ត្រូវបានកាត់បន្ថយយ៉ាងហោច៤០ពាន់លានដុល្លារ។ បច្ចុប្បន្ន ទីភ្នាក់ងារនេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការបរទេសអាមេរិក។
គួរបញ្ជាក់ថា បើតាមការប៉ាន់ប្រមាណ ក្នុងរយៈពេល២៥ឆ្នាំមកនេះ តាមរយៈជំនួយមូលនិធិវ៉ាក់សាំង សហរដ្ឋអាមេរិក បានជួយសង្រ្គោះជីវិតមនុស្សប្រហែល១៨លាននាក់ ខណៈអាមេរិកតែឯងផ្តល់ខ្ទង់១ភាគ៤ នៃកញ្ចប់ថវិកាសរុបរបស់អង្គការ GAVI៕