Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្រ្តីជប៉ុន ថានឹងដាក់ចេញនូវជម្រើសគ្រប់យ៉ាង ដើម្បីដោះស្រាយបញ្ហាពន្ធលើរថយន្ត ជាមួយសហរដ្ឋអាមេរិក​ (Video inside)

27-03-2025 11:41

(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Shigeru Ishiba បាននិយាយថា ទីក្រុងតូក្យូនឹងចេញនូវដាក់ជម្រើសគ្រប់យ៉ាង ដើម្បីដោះស្រាយបញ្ហាដាក់ពន្ធគយ ២៥ភាគរយលើការនាំចូលរថយន្ត ពីសំណាក់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ ២០២៥។

កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសយកពន្ធ ២៥ភាគរយ លើការនាំចូលរថយន្តធុនតូច និងរថយន្តដឹកទំនិញធុនស្រាល ដោយត្រូវចាប់ផ្តើមនាសប្តាហ៍ក្រោយ។ បើតាមក្រុមអ្នកវិភាគ វិធានការពន្ធថ្មីនេះ អាចនាំជះផលប៉ះពាល់ធ្ងន់ធ្ងរលើសេដ្ឋកិច្ចជប៉ុន ដោយសារតែការពឹងផ្អែកលើការនាំចេញរថយន្ត ទៅកាន់សហរដ្ឋអាមេរិក។

លោក Ishiba បានប្រាប់សភាថា «ជប៉ុន គឺជាប្រទេសមួយដែលបាននិងកំពុង បង្កើតទំហំវិនិយោគយ៉ាងធំទៅកាន់សហរដ្ឋអាមេរិក ដូច្នេះយើងឆ្ងល់ថា តើវាសមហេតុផលទេដែលទីក្រុងវ៉ាស៉ីនតោន ត្រូវអនុវត្តចំណាត់ការដាក់ពន្ធដូចៗគ្នា ចំពោះប្រទេសទាំងអស់នោះ»។ ដោយមិនបញ្ជាក់លម្អិតពីអ្វី ដែលទីក្រុងតូក្យូអាចធ្វើបាន លោក Ishiba បន្ថែមថា «យើងត្រូវពិចារណា លើអ្វីដែលល្អបំផុតសម្រាប់ផលប្រយោជន៍ជប៉ុន ហើយធ្វើការឆ្លើយតបឱ្យមានប្រសិទ្ធភាព»

គួរបញ្ជាក់ថា ក្រសួងហិរញ្ញវត្ថុជប៉ុន បានឱ្យដឹងថា រថយន្តមានចំណែក ២៨.៣ភាគរយនៃការនាំចេញសរុបរបស់ជប៉ុន ទៅកាន់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០២៤ ដែលជាទំហំធំបំផុតក្នុងចំណោមផលិតផលផ្សេងទៀត៕