(Reuters)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថាសហរដ្ឋអាមេរិកនឹងធ្វើការវាយតម្លៃលើលក្ខខណ្ឌរបស់រុស្ស៉ី បន្ទាប់ពីទីក្រុងមូស្គូបានយល់ព្រមទទួលយកជាគោលការណ៍ នូវបទឈប់បាញ់មួយសម្របសម្រួលដោយសហរដ្ឋអាមេរិក ជាមួយអ៊ុយក្រែន នៅសមុទ្រខ្មៅ ដើម្បីអនុញ្ញាតឱ្យមានការធ្វើនាវាចរដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារសប្ដាហ៍នេះ​បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងដាច់ដោយឡែកជាមួយរុស្ស៉ី និងអ៊ុយក្រែនស្ដីពីបទឈប់បាញ់សមុទ្រខ្មៅ ក្រោយកិច្ចពិភាក្សានៅអារ៉ាប៊ីសាអូឌីត សំដៅធានាការធ្វើនាវាចរដោយសុវត្ថិភាព បញ្ឈប់ការវាយប្រហារ និងទប់ស្កាត់ការប្រើប្រាស់នាវាពាណិជ្ជកម្មសម្រាប់គោលបំណងយោធា។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន អំឡុងធ្វើទស្សនកិច្ចទៅកាន់ ប្រទេស Jamaica កាលពីថ្ងៃពុធ ទី២៦ ខែមីនា លោក Rubio បានគូសបញ្ជាក់ដូច្នេះថា «នៅបន្ទាប់ពីកិច្ចប្រជុំរបស់យើង (នៅអារ៉ាប៊ីសាអូឌីត) រុស្ស៉ីបានបញ្ជាក់លម្អិតពីលក្ខខណ្ឌមួយចំនួនដែលពួកគេ ចង់ឱ្យបំពេញតាមដើម្បីទទួលយកឈប់បាញ់ ដូច្នេះយើងនឹងវាយតម្លៃលើលក្ខខណ្ឌទាំងនោះ»

គួរបញ្ជាក់ថា នៅក្នុងបញ្ជីលក្ខខណ្ឌរបស់ខ្លួន រុស្ស៉ីបានទាមទារឱ្យលុបចោលការរឹតត្បិត និងទណ្ឌកម្មប្រឆាំងនឹងវិស័យធនាគារ ក្រុមហ៊ុននាំចេញពីចំណីអាហារ និងជី រួមទាំងលើនាវា ឬកប៉ាល់របស់រុស្ស៉ី ហើយដែលនេះគឺដូចគ្នាទៅនឹងការទាមទាររបស់ទីក្រុងមូស្គូ កាលពីជាង២ឆ្នាំមុន អំឡុងកិច្ចចរចាលើបន្តសុពលភាពនៃកិច្ចព្រមព្រៀងសមុទ្រខ្មៅ៕