(អាមេរិក)៖ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០១៦នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខ។ នៅក្នុងមាត្រា២២ នៃរដ្ឋធម្មនុញ្ញ សហរដ្ឋអាមេរិក មិនអនុញ្ញាតឱ្យប្រធានាធិបតីកំពុងកាន់អំណាចបច្ចុប្បន្នគឺលោក បារ៉ាក់ អូបាម៉ា របស់បក្សប្រជាធិបតេយ្យឈរឈ្មោះសម្រាប់អាណត្តិទីបីបានឡើយ ដោយប្រធានាធិបតីគ្រប់រូបអាចកាន់បានត្រឹមតែពីរអាណត្តិប៉ុណ្ណោះ។
ការបោះឆ្នោតឆ្នាំ២០១៦នេះ នឹងធ្វើការជ្រើសរើសប្រធានាធិបតីទី៤៥ និងអនុប្រធានាធិបតីទី៤៨។ តើដំណើរការនៃការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយរបៀបណា? មានប៉ុន្មានដំណាក់កាល?
* ផ្តើមចេញពីរដ្ឋធម្មនុញ្ញ៖
មូលដ្ឋាននៃដំណើរការក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ត្រូវបានពន្យល់យ៉ាងក្បោះក្បាយនៅក្នុងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកក្នុងមាត្រា១២ ២២ និង២៣។ កំណែទម្រង់ខ្លះៗ ត្រូវបានដាក់បន្ថែមជាបន្តបន្ទាប់ ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានការផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះ។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតី ត្រូវបានធ្វើឡើងក្នុងរយៈពេល៤ឆ្នាំម្តង។
* តើអ្នកណាអាចឈរឈ្មោះបោះឆ្នោតបាន?
បេក្ខជនត្រូវមានអាយុយ៉ាងហោចណាស់៣៥ឆ្នាំឡើងទៅ ជាប្រជាពលរដ្ឋដែលកើតនៅលើទឹកដីសហរដ្ឋអាមេរិក និងបានរស់នៅលើទឹកដីនេះ យ៉ាងហោចណាស់ រយៈពេល១៤ឆ្នាំ។ បុគ្គលម្នាក់មិនអាចកាន់ដំណែងជាប្រធានាធិបតីលើសពីពីរអាណត្តិបានឡើយ។ ការពិតទៅ ការបោះឆ្នោតនេះ ក៏មានបេក្ខជនដំណាងបក្សផ្សេងៗ និងបេក្ខជនឯករាជ្យ (បេក្ខជនមិនពាក់ព័ន្ធ នឹងបក្សនយោបាយណាមួយ) ចូលរួមក្នុងការបោះឆ្នោតនេះផងដែរ។
ជាអកុសល ចាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៦៨មក គ្មានបេក្ខជនមកពីគណបក្សផ្សេងទៀត ឬបេក្ខជនឯករាជ្យណាមួយ ទទួលបានជោគជ័យឡើយ គឺមានតែ បេក្ខជនដំណាងបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋប៉ុណ្ណោះដែលផ្លាស់ប្តូរវេនគ្នាក្នុងការកាន់ដំណែងកន្លងមក។
ដំបូងឡើយបេក្ខជនដែលមានបំណងចង់ឈរឈ្មោះបោះឆ្នោត ត្រូវបានប្រកាសពីបំណងរបស់ខ្លួន។ បន្ទាប់មកបេក្ខជនមកពីបក្សនីមួយៗ ធ្វើការឃោសនាទូទាំងប្រទេសដើម្បីទទួលបានការគាំទ្រពីសំណាក់សមាជិកបក្សរបស់ខ្លួន។
* តើបក្សនីមួយៗ បោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីដោយរបៀបណា?
វាអាស្រ័យទៅលើនីតិវិធី នៃគណបក្សនយោបាយនីមួយៗ។ ជាទូទៅបក្សនយោបាយរៀបចំកិច្ចប្រជុំដ៏ធំមួយ ដែលចូលរួមដោយ Delegates ជាច្រើនរូប ដើម្បីជ្រើសរើសបេក្ខជនប្រធានាធិបតីដំណាងបក្សរបស់ខ្លួន។
សូមជម្រាបថា Delegate ទាំងនោះមួយចំនួន ត្រូវបានជ្រើសរើសទៅតាមរដ្ឋតាមរយៈការបោះឆ្នោត ដោយសម្ងាត់ តែមួយចំនួនត្រូវបានជ្រើសរើស នៅក្នុងកិច្ចប្រជុំដោយការបោះឆ្នោតដោយចំហ។ ដើម្បីក្លាយជាខ្លួនបេក្ខជនប្រធានាធិបតី ចាំបាច់ត្រូវទទួលបានសម្លេងគាំទ្រពី Delegates ភាគច្រើន។ សកម្មភាពទាំងអស់ខាងលើត្រូវបានគេឲ្យឈ្មោះថា Caucus និង Primary។
នៅក្នុងកិច្ចប្រជុំថ្នាក់ជាតិ សមាជិកបក្សនឹងធ្វើការជ្រើសរើសបេក្ខជនប្រធានាធិបតីតាមរយៈកិច្ចពិភាក្សា និងការបោះឆ្នោត។ ជាទូទៅ Delegates អនុញ្ញាតឱ្យបេក្ខជនប្រធានាធិបតី ជាអ្នកជ្រើសរើសបេក្ខជនអនុប្រធានាធិបតីដោយខ្លួនឯងតែម្តង។
ដំណាក់កាល Caucus និង Primary នៃព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០១៦នេះ បានប្រព្រឹត្តទៅនៅរវាងខែកុម្ភៈ ដល់ខែមិថុនាកន្លងទៅ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន DC និងរដ្ឋទាំង៥០ផ្សេងទៀត ក៏ដូចជាទឹកដីអាមេរិកទាំងមូល។
អតីតសមាជិកសភា និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី ហ៊ីលឡារីគ្លីនតុន បានក្លាយជាបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ បន្ទាប់ពីបានយកឈ្នះលើសមាជិកសភាសហរដ្ឋអាមេរិកលោក បឺននីយ សាន់ដ័រ។ ចំណែកលោក ដូណាល់ ត្រាំ វិញ ត្រូវបានតែងតាំង ជាបេក្ខជនប្រធានាធិបតី កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ។
បន្ទាប់មកបេក្ខជនប្រធានាធិបតី ចាប់ផ្តើមធ្វើយុទ្ធនាការឃោសនាបោះឆ្នោត និងការធ្វើការពិភាក្សាតស៊ូមតិជាមួយគ្នា ព្រមទាំងឆ្លើយតបចំពោះសំណួរ របស់ប្រជាពលរដ្ឋដើម្បីទាក់ទាញសម្លេងឆ្នោត។
* Electoral College:
នៅសហរដ្ឋអាមេរិក មាន Electoral College ជាអង្គភាពដែលធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតី សហរដ្ឋអាមេរិកដោយផ្ទាល់ជំនួសឲ្យប្រជាពលរដ្ឋ ព្រោះថាប្រជាពលរដ្ឋអាមេរិកគ្មានសិទ្ធជ្រើសរើសប្រធានាធិបតី ឬអនុប្រធានាធិបតីដោយផ្ទាល់ឡើយ។
ផ្ទុយទៅវិញ ប្រជាពលរដ្ឋមានសិទ្ធត្រឹមតែបោះឆ្នោតជ្រើសរើសអ្នកដំណាងរបស់ខ្លួនដែលសន្យាថា នឹងបោះឆ្នោតឲ្យបេក្ខជនប្រធានាធិបតីណាម្នាក់ ស្របតាមឆន្ទៈប្រជាពលរដ្ឋ។ អ្នកដំណាងទំាងនោះ គេឲ្យឈ្មោះថា Electors (អ្នកបោះឆ្នោត)។
ហេតុនេះមុនឈានដល់ការបោះឆ្នោតសកលដើម្បីសម្រេចជ្រើសរើសប្រធានាធិបតី ចាំបាច់ត្រូវមានការបោះឆ្នោតតាមរដ្ឋទាំង៥០ និងនៅរដ្ឋធានីវ៉ាស៊ីនតោន DC ជាមុនសិន។ នៅក្នុងការបោះឆ្នោតទាំង៥១នេះ ប្រជាពលរដ្ឋត្រូវបោះឆ្នោតជ្រើសរើស Elector ដើម្បីធ្វើជាអ្នកដំណាងរបស់ខ្លួន។ ក្នុងរដ្ឋនីមួយៗ Elector មានចំនួនស្មើគ្នា នឹងចំនួនសមាជិកសភា និងតំណាងរាស្ត្រប្រចាំរដ្ឋនីមួយ (ក្នុងមួយរដ្ឋមានសមាជិកសភាពីរនាក់ ចំណែកតំណាងរាស្ត្រវិញ វាអាស្រ័យទៅលើចំនួនប្រជាពលរដ្ឋ ដែលយកតាមរបាយការណ៍ជំរឿនថ្មីចុងក្រោយបំផុត)។
សម្រាប់រដ្ឋធានីវ៉ាស៊ីនតោន DC ទោះបីជាវាមិនមែនជារដ្ឋ ប៉ុន្តែក៏ត្រូវបានផ្តល់សិទ្ធចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីផងដែរ ដែលកន្លងមកក្នុងរដ្ឋធានីនេះ មាន Electors បីរូប។
* បេក្ខជនប្រធានាធិបតី និងអនុប្រធានាធិបតី ឈរឈ្មោះបោះឆ្នោតរួមគ្នា៖
ក្នុងការបោះឆ្នោតសកលនៅអាមេរិកមានលក្ខណៈប្លែកដោយបេក្ខជនប្រធានាធិបតីនីមួយៗ ត្រូវឈរឈ្មោះរួមគ្នាជាមួយបេក្ខជនអនុប្រធានាធិបតី ដែលខ្លួនជ្រើសរើសក្នុងសន្លឹកឆ្នោតតែមួយ។ ហេតុនេះ Electors មិនអាចបោះឆ្នោតជ្រើសរើសទាំងបេក្ខជនប្រធានាធិបតីចេញពីសន្លឹកឆ្នោតមួយ ហើយជ្រើសរើសបេក្ខជនអនុប្រធានាធិបតីពីសន្លឹកឆ្នោតមួយផ្សេងទៀតបានឡើយ។
* Electoral College ធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតី៖
Elector ដែលជាសមាជិករបស់ Electoral College នឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតី ដំណាក់កាលនេះគេឱ្យឈ្មោះថា Electoral Votes។ Elector ម្នាក់ត្រូវបោះឆ្នោតជ្រើសរើសប្រធានាធិបតីម្នាក់ និងអនុប្រធានាធិបតីម្នាក់។
ភាគច្រើន Electors ត្រូវបោះឆ្នោតស្របតាមអ្វីដែលខ្លួនបានសន្យាចំពោះប្រជាពលរដ្ឋ។ យ៉ាងនេះក្តី មិនមានការបកស្រាយច្បាស់លាស់ ថាតើនឹងមានអ្វីកើតឡើង ប្រសិនបើ Elector ភាគច្រើនបំពានការសន្យារបស់ខ្លួន ដោយបោះឆ្នោតខុសពីអ្វីដែលខ្លួនបានលើកឡើង។
ជាទូទៅ បេក្ខជនប្រធានាធិបតី ដែលទទួលបានសម្លេងគាំទ្រច្រើនជាងពាក់កណ្តាល នៃលទ្ធផលបោះឆ្នោត បេក្ខជនរូបនោះ នឹងក្លាយជាប្រធានាធិបតី។ ចំណែកបេក្ខជនអនុប្រធានាធិបតីរបស់ប្រធានាធិបតីរូបនោះ ក៏នឹងទទួលបានសម្លេងគាំទ្រខ្ពស់ដូចគ្នាដោយស្វ័យប្រវត្តិ ហើយត្រូវបានជ្រើសរើសធ្វើ ជាអនុប្រធានាធិបតីតែម្តង។ ដោយពួកគេនឹងចូលស្បថឡើងកាន់ដំណែងនៅខែមករា ក្នុងឆ្នាំដំបូង នៃការកាន់អំណាចរបស់ខ្លួនតែម្តង។
* តើធ្វើយ៉ាងណា ប្រសិនបើក្នុងការបោះឆ្នោតគ្មានអ្នកឈ្នះ?
វាជាព្រឹត្តិការណ៍ដ៏កម្រមួយ ដែលថា គ្មានបេក្ខជនប្រធានាធិបតីណាម្នាក់ ទទួលបានសម្លេងគាំទ្រច្រើនលុបលើសគេ ហេតុនេះប្រធានាធិបតីត្រូវបាន ជ្រើសរើសដោយសភាដំណាងរាស្ត្រដោយផ្ទាល់ ដោយសមាជិកសភានឹងជ្រើសរើសប្រធានាធិបតីចេញពីក្នុងចំណោមបេក្ខជនប្រធានាធិបតីលេចធ្លោបីរូប។ ចំណែកអនុប្រធានាធិបតី នឹងត្រូវបានជ្រើសរើសចេញពីអនុប្រធានាធិបតីដែលលេចធ្លោពីររូបផងដែរ៕