(វ៉ាស៉ីនតោន)៖ របាយការណ៍ស៉ើបការណ៍សម្ងាត់ប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ទី២៥ ខែមីនា បាននិយាយថា ប្រទេសចិនគឺជាការគំរាមកំហែងកំពូល ចំពោះផលប្រយោជន៍អាមេរិកនៅទូទាំងពិភពលោក ខណៈទីក្រុងប៉េកាំងកំពុងបន្តមានវឌ្ឍនភាពជាលំដាប់ នៅក្នុងវិស័យយោធា និងសមត្ថភាពសាយប័រ (cyber)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

របាយការណ៍វាយតម្លៃការគំរាមកំហែង ដែលចងក្រងដោយសហគមន៍ស៉ើបការណ៍សម្ងាត់អាមេរិក បានលើកឡើងថា ការដាក់សម្ពាធរបស់ទីក្រុងប៉េកាំង ប្រឆាំងកោះតៃវ៉ាន់ និងការធ្វើប្រតិបត្តិការសាយប័រយ៉ាងទូលំទូលាយ ប្រឆាំងគោលដៅអាមេរិក គឺជាសូចនាករបង្ហាញពីការកើនឡើងនៃការគំរាមកំហែងរបស់ចិន ចំពោះសន្តិសុខជាតិអាមេរិក។

របាយការណ៍ខាងលើ បានបន្តថា ចិនគឺជាការគំរាមកំហែងផ្នែកយោធា ដែលគ្រប់ជ្រុងជ្រោយនិងខ្លាំងក្លាបំផុត សម្រាប់អាមេរិក ប៉ុន្តែចិនហាក់មានការប្រុងប្រយ័ត្នជាងរុស្ស៉ី កូរ៉េខាងជើង និងអ៉ីរ៉ង់ អំពីការបង្ហាញចេញនូវការកើនឡើងឥទ្ធិពល និងអានុភាពរបស់ខ្លួន។ របាយការណ៍ដដែល បានបន្ថែមថា ទីក្រុងប៉េកាំង នឹងបន្តពង្រីកសកម្មភាពក្នុងទម្រង់ផ្សេងៗ ដែលមានគោលដៅធ្វើឱ្យអាមេរិក ចុះទន់ខ្សោយទាំងនៅក្នុងប្រទេសផ្ទាល់ និងទាំងនៅលើឆាកអន្តរជាតិ។

នាយកស៉ើបការណ៍សម្ងាត់ជាតិអាមេរិក (DNI) លោកស្រី Tulsi Gabbard បានប្រាប់សវនាការព្រឹទ្ធសភាអាមេរិកថា ដោយផ្អែកលើ​ព័ត៌មានស៉ើបការណ៍សម្ងាត់បច្ចុប្បន្ន ចិនគឺជាគូប្រជែងយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក ដែលមានសមត្ថភាពជាងគេបំផុត ហើយ​យោធាចិនកំពុងដាក់ពង្រាយសមត្ថភាពទំនើបៗ រួមមានដូចជាអាវុធល្បឿនលឿនជាងសំឡេង យន្តហោះបំបាំងកាយ នាវាមុជទឹក ព្រមទាំងបរិក្ខារអវកាសនិងសង្រ្គាមសាយប័រ ដែលកាន់តែខ្លាំងរឹងមាំ រួមជាមួយចំនួនអាវុធនុយក្លេអ៊ែរ កាន់តែច្រើនជាងមុន។

គួរបញ្ជាក់ថា ក្រៅពីចិន របាយការណ៍ខាងលើ ក៏បានវិភាគវាយតម្លៃទៅលើ ការគំរាមកំហែងចំពោះសហរដ្ឋអាមេរិក ដែលបង្កឡើង​ដោយរុស្ស៉ី កូរ៉េខាងជើង អ៉ីរ៉ង់ និងបណ្តាញក្រុមឧក្រិដ្ឋជនធំៗ ដូចជាក្រុមគ្រឿងញៀននៅម៉ិកស៉ិក និងក្រុមអ៉ីស្លាមជ្រុលនិយម ផងដែរ៕