(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក បានផ្តល់លក្ខខណ្ឌមួយចំនួន ដែលខ្លួនចង់ឱ្យទីក្រុងដាម៉ាស យកមកធ្វើជាថ្នូរ នឹងការបន្ធូរបន្ថយផ្នែកខ្លះនៃទណ្ឌកម្ម រួមទាំងការធានាថាមិនឱ្យជនបរទេស កាន់តំណែងខ្ពស់ក្នុងជួររដ្ឋាភិបាលស៉ីរី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ ២០២៥។
មន្រ្តីអាមេរិក និងស៉ីរី បាននិយាយថា ឧបការីរងរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការស៉ីរី លោកស្រី Natasha Franceschi បានផ្តល់បញ្ជីដាក់លក្ខខណ្ឌនេះ ឱ្យទៅរដ្ឋមន្ត្រីការបរទេសស៉ីរី លោក Asaad al-Shibani ក្នុងកិច្ចប្រជុំផ្ទាល់មួយ នៅខាងក្រៅសន្និសីទទីក្រុងព្រុចសែល កាលពីថ្ងៃទី១៨ ខែមីនា។
ក្នុងចំណោមលក្ខខណ្ឌទាំងនោះ គឺរួមមានការបំផ្លាញឃ្លាំងស្តុកអាវុធគីមីដែលនៅសេសសល់របស់ស៉ីរី និងកិច្ចសហប្រតិបត្តិការលើការប្រឆាំងភេរវកម្ម។ លក្ខខណ្ឌមួយទៀត នោះគឺការទាមទារដើម្បីធ្វើឱ្យប្រាកដថា យុទ្ធជនបរទេសមិនត្រូវបានដំឡើងឱ្យកាន់តំណែងជាន់ខ្ពស់ នៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃប្រទេសស៉ីរី។
ប្រភពដដែល បានឱ្យដឹងទៀតថា ជាថ្នូរនឹងលក្ខខណ្ឌនេះ ទីក្រុងវ៉ាស៉ីនតោននឹងផ្តល់ការបន្ធូរបន្ថយទណ្ឌកម្មមួយចំនួន។ ជាក់ស្តែង អាចនឹងមានការដកចេញវិញនូវវិធានការបន្តដាក់ទណ្ឌកម្មពីរឆ្នាំទៀត សម្រាប់ប្រតិបត្តិការជាមួយស្ថាប័នគ្រប់គ្រងរបស់ស៉ីរី។ យ៉ាងនេះក្តី ក្រសួងការបរទេសស៉ីរី មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយទេ៕