Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុនផ្តល់សំណង១.៤លានដុល្លារ ដល់បុរសដែលបានជាប់ទោសប្រហារជីវិត អស់រយៈពេលយូរបំផុត ទាំងគ្មានកំហុស (Video inside)

25-03-2025 15:21

(តូក្យូ)៖ បុរសជប៉ុនម្នាក់ ដែលត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម និងជាបុគ្គលដែលបានជាប់ទោសប្រហារជីវិត អស់រយៈពេលយូរបំផុតនៅលើពិភពលោក ត្រូវបានអាជ្ញាធរជប៉ុនសម្រេចផ្តល់ប្រាក់សំណង ចំនួន១.៤លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

តុលាការជប៉ុននៅទីក្រុង Shizuoka បានសម្រេចថា លោក Iwao Hakamada នឹងត្រូវទទួលបានថវិកាសរុប២១៧ ៣៦២ ៥០០យេន (១.៤លានដុល្លារអាមេរិក) ដើម្បីជាការសងជំងឺចិត្ត។ កាលពីខែកញ្ញា ឆ្នាំ២០២៤ តុលាការដដែល បានចេញសេចក្តីសម្រេចថា លោក Hakamada មិនមានទោសកំហុសឡើយ ក្នុងការជំនុំជម្រះក្តីសាជាថ្មី ក្រោយរកឃើញថា ភស្តុតាងប្រឆាំងនឹងរូបលោក តាមពិតត្រូវបានក្លែងបន្លំ។ លោក Hakamada ដែលឥឡូវមានអាយុ៨៩ឆ្នាំទៅហើយ ត្រូវបានផ្តន្ទាទោសប្រហារជីវិត នៅឆ្នាំ១៩៦៨ ពាក់ព័ន្ធករណីឃាតកម្មលើមនុស្ស៤នាក់ កាលពីឆ្នាំ១៩៦៦។ រូបលោកត្រូវបានដោះលែងចេញពីពន្ធនាគារ កាលពីឆ្នាំ២០១៤ ដើម្បីរង់ចាំលទ្ធផលនៃការជំនុំជម្រះក្តីឡើងវិញ។

គួរបញ្ជាក់ថា រយៈពេលជាប់ទោសប្រហារជីវិតរបស់លោក Iwao Hakamada គឺយូរជាងគេបង្អស់នៅលើពិភពលោក។ ក្រុមមេធាវី​របស់លោក យល់ឃើញថា ប្រាក់ចំណងចំនួន ១.៤លានដុល្លារនោះ គឺមិនទាន់ស័ក្តិសមនូវការឈឺចាប់ដែលរូបលោក បានទទួលរងឡើយ។ លោក Hakamada គឺជាអ្នកជាប់ទោសប្រហារជីវិតទី៥ ដែលទទួលបានការវិនិច្ឆ័យទោសជាថ្មី នៅក្នុងប្រវត្តិសាស្រ្តក្រោយសម័យសង្រ្គាមរបស់ជប៉ុន។ អ្នកទោសក្នុងករណីមុនទាំង៤ ក៏ត្រូវបានរកឃើញថា គ្មានទោសកំហុសដូចគ្នាដែរ៕