(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌាបានប្រកាសទៅកាន់អន្តរជាតិថា ខ្លួនត្រូវការយ៉ាងហោចណាស់យន្តហោះ ចម្បាំងចំនួន៣០០គ្រឿងបន្ថែមទៀត ប៉ុន្តែសម្រាប់ក្រុមហ៊ុនណាក៏ដោយដែលចាប់អារម្មណ៍គំរោងនេះ អាចមកធ្វើការវិនិយោគផ្ទាល់ជាមួយក្រុមហ៊ុនក្នុងស្រុក និងធ្វើការផលិតយន្តហោះនៅក្នុងប្រទេស ឥណ្ឌា ដែលជាលក្ខខណ្ឌមិនអាចជៀសបាន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាល្ងាចថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០១៦។
ចំពោះគំរោងដែលត្រូវបានប្រកាសខាងលើនេះ គឺសម្រាប់យន្តហោះចម្បាំងប្រភេទម៉ាស៊ីនមួយ ដែលអាចមានចំនួន២០០-៣០០គ្រឿងយ៉ាងតិច ដើម្បីយកមកជំនួសយន្តហោះចម្បាំងចាស់ៗ របស់ខ្លួនដែលនៅសេសសល់តាំងពីសម័យសហភាពសូវៀតមកម្ល៉េះ។ គំរោងទាំងមូលនឹងត្រូវចំណាយ ទឹកប្រាក់យ៉ាងហោចណាស់១៥ពាន់លានដុល្លារ ហើយវាក៏ជាផែនការធំបំផុតមិនធ្លាប់មានសម្រាប់ ប្រទេសមហាយក្សមួយដែរនៅតំបន់អាស៊ីនេះ។
គួរបញ្ជាក់ថាប្រទេសឥណ្ឌាក៏ទើបតែសម្រេចបាននូវ កិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង Rafale ពីប្រទេសបារាំងចំនួន ៣៦គ្រឿងរួចមកហើយដែរកាលពីខែមុន។ បច្ចុប្បន្ននេះ អ្វីដែលច្បាស់លាស់បំផុត សម្រាប់ប្រទេសឥណ្ឌា នោះគឺត្រូវតែពង្រឹងខ្លួនឯងឲ្យខ្លាំងដើម្បីទប់ទល់នឹងឥទ្ធិពលនៃប្រទេសចិន និងប៉ាគីស្ថានដែលចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាក់ស្តែងគឺជម្លោះជាមួយប៉ាគីស្ថានរឿងតំបន់ កាស្មៀ និងជម្លោះព្រំដែនជាមួយចិនក្បែរតំបន់ទីបេ៕