ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី លើតំបន់ Kyiv បណ្តាលឱ្យមនុស្សម្នាក់របួស និងខូចខាតផ្ទះប្រជាជន, នេះបើតាមមន្រ្តីអ៊ុយក្រែន (Video inside)
24-03-2025 16:15
(កៀវ)៖ មន្រ្តីក្នុងតំបន់កៀវម្នាក់ បាននិយាយថា រុស្ស៉ីបានបើកការវាយប្រហារផ្លូវអាកាសមកលើទីក្រុងកៀវ ជាលើកទី ៣ជាប់ៗគ្នា ពេញមួយយប់ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដោយបណ្តាលឱ្យមនុស្សម្នាក់រងរបួស និងខូចខាតផ្ទះជាច្រើនខ្នងក្នុងតំបន់ជុំវិញរដ្ឋធានីអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ ២០២៥។
លោក Mykola Kalashnyk បានឱ្យដឹងថា មនុស្សម្នាក់អាយុ ៣៧ឆ្នាំបានត្រូវរបួសត្រង់ក្បាល និងខ្លួន ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ កាលពីយប់ថ្ងៃអាទិត្យ នៅតំបន់ Zaporizhzhia ភាគអាគ្នេយ៍ ការវាយប្រហាររបស់រុស្ស៉ី ក៏បានធ្វើឱ្យស្ត្រីអាយុ ៥៤ឆ្នាំម្នាក់រងរបួស និងខូចខាតបង្អួចនៃអគារច្រើនជាន់ និងអគារលំនៅដ្ឋាន។ ទីក្រុងកៀវ និងតំបន់ជុំវិញ ក៏ដូចជាចំកណ្តាលភាគខាងកើតអ៊ុយក្រែន ស្ថិតក្រោមការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាស រយៈពេលជាច្រើនម៉ោង តាំងពីល្ងាចថ្ងៃអាទិត្យមក។ ចំពោះទំហំនៃការខូចខាតពេញលេញ ក្នុងការវាយប្រហារកាលពីយប់មិញ នៅមិនទាន់ច្បាស់លាស់នោះទេ។
គួរបញ្ជាក់ថា រុស្ស៉ី មិនទាន់ធ្វើការអត្ថាធិប្បាយទេ ជុំវិញការអះអាងនេះ។ ប៉ុន្តែវាបានកើតឡើងបន្ទាប់ពីគណៈប្រតិភូអ៊ុយក្រែន បានជួបក្រុមមន្ត្រីអាមេរិក សម្រាប់កិច្ចចរចាសន្តិភាពនៅអារ៉ាប៊ីសាអូឌីត និងមុនពេលនៃជំនួបរុស្ស៉ី-អាមេរិក៕