កូរ៉េខាងត្បូង ដាក់ពង្រាយឧទ្ធម្ភាគចក្ររាប់សិបគ្រឿងនិងកងទ័ព ដើម្បីព្យាយាមពន្លត់ភ្លើងឆេះព្រៃ ដែលបន្តឆេះប៉ុន្មានថ្ងៃមកហើយ (Video inside)
24-03-2025 15:54
(សេអ៊ូល)៖ នៅថ្ងៃចន្ទ ទី២៤ ខែមីនា អាជ្ញាធរនៅប្រទេសកូរ៉េខាងត្បូង បាននិយាយថា ពួកគេកំពុងប្រើប្រាស់ឧទ្ធម្ភាគចក្ររាប់សិបគ្រឿង ហើយថែមទាំងដាក់ពង្រាយកងទ័ព ឱ្យជួយភ្នាក់ងារពន្លត់អគ្គីភ័យ ស្របពេលដែលពួកគេកំពុងជួបការលំបាក ក្នុងការគ្រប់គ្រងភ្លើងឆេះព្រៃប៉ុន្មានកន្លែង នៅភាគអាគ្នេយ៍ ដែលបានបន្តឆាបឆេះប៉ុន្មានថ្ងៃមកហើយ ចាប់តាំងពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
មនុស្សសរុប៤នាក់បានស្លាប់ គិតមកទល់ពេលនេះ ហើយអាជ្ញាធរបានព្រមានថា ខ្យល់បោកបក់ខ្លាំង និងការកើនឡើងសីតុណ្ហភាព កំពុងបង្កជាឧបសគ្គ ចំពោះកិច្ចប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃទាំងនោះ ឱ្យរលត់ទាំងស្រុង។ នៅទីក្រុង Uiseong ផ្ទៃដីទំហំជិត ៧០០០ហិកតា បានរងការប៉ះពាល់ ហើយមនុស្សប្រហែល៦០០នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព។ ទន្ទឹមគ្នា មនុស្ស៤នាក់បានស្លាប់ កាលពីចុងសប្តាហ៍កន្លងទៅ ក្នុងនោះរួមមានទាំងភ្នាក់ងារពន្លត់អគ្គិភ័យ នៅស្រុក Sancheong ក្នុងខេត្ត South Gyeongsang។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរកូរ៉េខាងត្បូង ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ សរុប៥៧គ្រឿង នឹងត្រូវប្រើប្រាស់ ដើម្បីពន្លត់ភ្លើងឆេះព្រៃ ហើយបុគ្គលិកពន្លត់អគ្គិភ័យសរុបជាង ២៦០០នាក់ រួមមានទាំងទាហានផងដែរ នឹងត្រូវដាក់ពង្រាយ ដើម្បីឆ្លើយតបឱ្យអស់ពីសមត្ថភាព ក្នុងការពន្លត់ពួកវា។ ភ្លើងឆេះព្រៃនៅក្រុង Uiseong និងនៅស្រុក Sancheong ត្រូវគ្រប់គ្រងបានខ្លះៗប៉ុណ្ណោះ ដោយពួកវាកំពុងបន្តឆេះរាលដាលនៅឡើយ គិតត្រឹមរសៀលថ្ងៃចន្ទនេះ៕