សម្តេចប៉ាប យាងត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយសម្រាកនៅមន្ទីរពេទ្យអស់រយៈពេល៥សប្តាហ៍ (Video inside)
24-03-2025 13:31
(វ៉ាទីកង់)៖ កាលពីថ្ងៃអាទិត្យ ទី២៣ ខែមីនា សម្តេចប៉ាប ហ្រ្វង់ស៉ីស បានយាងត្រឡប់ទៅកាន់បុរីវ៉ាទីកង់វិញហើយ បន្ទាប់ពីចំណាយពេលអស់ប្រមាណ៥សប្តាហ៍ ស្នាក់នៅឯមន្ទីរពេទ្យ ដើម្បីជម្នះជំងឺហើមសួតទាំងសងខាង ដែលបានក្លាយជាវិបត្តិសុខភាពធ្ងន់ធ្ងរបំផុតសម្រាប់ទ្រង់ អំឡុងរយៈពេល១២ឆ្នាំមកនេះ នៃការកាន់តួនាទីជាសម្តេចប៉ាប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
សម្តេចប៉ាប ព្រះជន្ម៨៨ព្រះវស្សាអង្គនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី១៤ ខែកុម្ភៈ ហើយស្ថានភាពរបស់ទ្រង់ បានវិវត្តន៍ឈានដល់កម្រិតគួរឱ្យបារម្ភយ៉ាងខ្លាំង ប៉ុន្តែប្រហែលជាងមួយសប្តាហ៍ចុងក្រោយនេះ ព្រះរាជសុខភាពរបស់សម្តេចប៉ាប ហ្រ្វង់ស៉ីស ក៏បានចាប់ផ្តើមប្រសើរឡើងវិញ។ មុនត្រឡប់ទៅកាន់បុរីវ៉ាទីកង់វិញ សម្តេចប៉ាប ក៏បានបង្ហាញព្រះរាជវត្តមានលើកដំបូង ជាសាធារណៈផងដែរ។
គួរបញ្ជាក់ថា ទោះឥឡូវចាកចេញពីមន្ទីរពេទ្យក៏ដោយ ក្រុមវេជ្ជបណ្ឌិត បាននិយាយថា ព្រះកាយចំណាស់របស់សម្តេចប៉ាប នឹងត្រូវប្រើពេលយូរ ដើម្បីអាចជាសះស្បើយទាំងស្រុងឡើងវិញ ហើយពួកគេបានណែនាំឱ្យ ទ្រង់សម្រាកយ៉ាងហោច២ខែទៀត នៅបុរីវ៉ាទីកង់ និងចៀសវាងកម្មវិធីជួបជុំធំៗ ឬព្រឹត្តិការណ៍ណា ដែលអាចបង្កឱ្យមានអារម្មណ៍តានតឹង។ ប្រការនេះ ធ្វើឱ្យវាមិនច្បាស់នោះទេថា តើសម្តេចប៉ាប ហ្រ្វង់ស៉ីស នឹងអាចចូលរួមសកម្មភាពបានកម្រិតណា អំឡុងពេលប៉ុន្មានខែខាងមុខនេះ។ យោងតាមកាលវិភាគកន្លងមក សម្តេចប៉ាប ត្រូវបានកំណត់ថា នឹងត្រូវទទួលជួបព្រះមហាក្សត្រីអង់គ្លេស ស្តេច ឆាល នាថ្ងៃទី៨ ខែមេសា ហើយនឹងត្រូវដឹកនាំពិធីអបអរបុណ្យ Easter ប្រចាំឆ្នាំរបស់បុរីវ៉ាទីកង់ នាថ្ងៃទី២០ ខែមេសា៕