Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតី ត្រាំ អះអាងថា កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ស្ថិតក្នុងកម្រិតគ្រប់គ្រងមួយ (Video inside)

23-03-2025 19:21

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសៅរ៍ថា យន្តការនានាដែលកំពុងដំណើរការដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត នៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងស្ថិតក្នុង «កម្រិតគ្រប់គ្រងមួយ»។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងក្នុងកិច្ចសម្ភាសន៍មួយនៅលើយន្តហោះ Air Force One ជាមួយលោក ឃ្លេ ត្រាវីស ដែលជាស្ថាបនិកនៃគេហទំព័រកីឡា Outkick លោក ត្រាំ បានគូសបញ្ជាក់ថា «ការពិភាក្សាដោយសមហេតុផល» រួមជាមួយនឹងទំនាក់ទំនងល្អជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី គឺជាកត្តាសំខាន់ក្នុងការឈានទៅរកដំណោះស្រាយសន្តិភាព សម្រាប់សង្គ្រាមដែលកំពុងបន្ត។

កាលពីសប្តាហ៍កន្លងទៅ លោក ត្រាំ បានរៀបចំកិច្ចពិភាក្សាដាច់ដោយឡែកជាមួយមេដឹកនាំទាំងពីរ ដោយផ្តោតលើការស្វែងរកផ្លូវបញ្ចប់សង្គ្រាមដែលបានផ្ទុះឡើង បន្ទាប់ពីការបញ្ជាឱ្យមានការឈ្លានពានពេញលេញ ពីសំណាក់រុស្ស៊ីលើប្រទេសជិតខាងអ៊ុយក្រែនក្នុងឆ្នាំ ២០២២។

គួរបញ្ជាក់ថា កិច្ចចរចាទាំងនេះ ទោះបីជាមិនបានសម្រេចតាមគោលដៅដំបូងរបស់លោក ត្រាំ ក្នុងការធានាបាននូវបទឈប់បាញ់ពេញលេញរយៈពេល ៣០ ថ្ងៃក៏ដោយ ក៏បាននាំឱ្យលោក ពូទីន យល់ព្រមបញ្ឈប់ការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនសម្រាប់រយៈពេលមួយខែ។ ស្របពេលនោះ លោក ហ្សេលេនស្គី ក៏បានបង្ហាញការយល់ព្រមចំពោះការផ្អាកប្រតិបត្តិការយោធាស្រដៀងគ្នានេះផងដែរ៕