(ប៉េកាំង)៖ សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក ស្ទីវ ឌេនស៍ (Steve Daines) បានជួបជាមួយនាយករដ្ឋមន្ត្រីចិន លី ឈាង នៅទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ ដោយមានប្រតិភូអ្នកប្រតិបត្តិមកពីសាជីវកម្មអាមេរិកឈានមុខចំនួនប្រាំពីររូប។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ជំនួបនេះកើតឡើងចំពេលដែលទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ នៅតែបន្តរកាំរកូស ជាពិសេសបន្ទាប់ពីការឡើងកាន់តំណែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែមករា។
ប្រតិភូធុរកិច្ចអាមេរិក រួមមានអគ្គនាយកក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm លោក គ្រីស្ទាណូ អាម៉ុន (Cristiano Amon) នាយកប្រតិបត្តិក្រុមហ៊ុនឱសថ Pfizer លោក អាល់ប៊ើត ប៊ូឡា (Albert Bourla) និងប្រធានក្រុមហ៊ុនកសិកម្ម Cargill លោក ប្រាយអាន ស៊ីកេស (Brian Sikes) ក៏ដូចជាតំណាងជាន់ខ្ពស់មកពីក្រុមហ៊ុនផលិតយន្តហោះ Boeing និងក្រុមហ៊ុនល្បីៗផ្សេងទៀត។
វត្តមានរបស់ថ្នាក់ដឹកនាំសាជីវកម្មទាំងនេះ រួមជាមួយនឹងសមាជិកព្រឹទ្ធសភា ឌេនស៍ ដែលជាអ្នកគាំទ្រដ៏សំខាន់របស់លោក ត្រាំ ត្រូវបានគេមើលឃើញថាជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការរក្សា និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ទោះបីជាមានភាពមិនច្បាស់លាស់ផ្នែកនយោបាយក៏ដោយ។
ដំណើរទស្សនកិច្ចនេះ គឺជាការជួបជុំកម្រិតខ្ពស់លើកដំបូងរវាងមន្ត្រីអាមេរិក និងថ្នាក់ដឹកនាំចិន ក្រោមរដ្ឋបាលត្រាំថ្មី ដែលទីក្រុងប៉េកាំងកំពុងស្វែងរកការបើកកិច្ចសន្ទនាឡើងវិញ ដើម្បីកាត់បន្ថយលទ្ធភាពនៃការពង្រីកវិធានការទណ្ឌកម្មពាណិជ្ជកម្មពីទីក្រុងវ៉ាស៊ីនតោន។ លោក ឌេនស៍ ដែលធ្លាប់មានតួនាទីក្នុងការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ក្នុងអាណត្តិមុនរបស់លោក ត្រាំ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ចដែលមានស្ថិរភាព ដោយលើកឡើងពីបទពិសោធន៍ការងាររបស់លោកនៅប្រទេសចិនកាលពីទសវត្សរ៍ឆ្នាំ ១៩៩០។
នៅក្នុងជំនួបនោះ នាយករដ្ឋមន្ត្រី លី ឈាង បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ ដោយជំរុញឱ្យភាគីទាំងពីរជ្រើសរើសការសន្ទនា និងកិច្ចសហប្រតិបត្តិការជាជាងការប្រឈមមុខគ្នា និងការប្រកួតប្រជែង ដែលមិនផ្តល់ផលប្រយោជន៍ដល់ភាគីណាមួយឡើយ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះកើតឡើង ខណៈដែលសហរដ្ឋអាមេរិកគ្រោងនឹងអនុវត្តន៍ពន្ធគយបន្ថែមលើទំនិញនាំចូលពីប្រទេសចិន និងប្រទេសផ្សេងទៀតនៅក្នុងខែមេសាខាងមុខនេះ ហើយការពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម «ដំណាក់កាលទីមួយ» ក៏នឹងឈានដល់ទីបញ្ចប់ក្នុងពេលឆាប់ៗផងដែរ។ ក្រៅពីជំនួបជាមួយនាយករដ្ឋមន្ត្រី លោក ឌេនស៍ ក៏បានជួបជាមួយឧបនាយករដ្ឋមន្ត្រីចិន ហ៊ឺ លីហ្វឹង ដោយបានពិភាក្សាលើបញ្ហាផ្សេងៗ រួមទាំងការទប់ស្កាត់ការហូរចូលនៃសារធាតុញៀនហ្វេនតានីល និងក្តីសង្ឃឹមសម្រាប់ការសន្ទនាកម្រិតខ្ពស់បន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលអនាគតផងដែរ៕