(Reuters)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានហេតុផលត្រឹមត្រូវដែលបណ្ដាប្រទេសអឺរ៉ុបត្រូវតែទទួលខុសត្រូវលើការការពារខ្លួន ជាសមូហភាពរបស់ពួកគេ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Keir Starmer ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិក New York Times ដែលត្រូវបានចេញផ្សាយនៅថ្ងៃអាទិត្យ ទី២៣ ខែមីនា។ លោក Starmer បានប្រាប់កាសែតអាមេរិក នេះទៀតថា «យើងចាំបាច់ត្រូវតែគិតគូអំពីវិស័យការពារជាតិ និងសន្តិសុខ ជាបន្ទាន់»។ លោក Starmer បច្ចុប្បន្ន កំពុងព្យាយាមប្រមូលផ្ដុំការគំាទ្រសម្រាប់ការបង្កើតកងកម្លាំងយោធាចម្រុះជាតិសាសន៍មួយដែល លោកហៅថាជា «ក្រុមចម្រុះឆន្ទៈ» ដើម្បីការពារបទឈប់បាញ់ណាមួយក្នុងសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន ក្រោយមានកិច្ចព្រមព្រៀងសន្តិភាព។
គួរបញ្ជាក់ថា បើនិយាយពីលោក ត្រាំ លោក Starmer បាននិយាយថាលោកមានទំនាក់ទំនងល្អជាមួយប្រធានាធិបតីអាមេរិករូបនេះ ប៉ុន្តែ សកម្មភាពមួយចំនួនរបស់លោក ត្រាំ មានចាប់ពីការដំឡើងពន្ធ២៥ភាគរយ លើការនាំចូលដែកថែបពីចក្រភពអង់គ្លេស រហូតដល់ការរិះគន់លោក ហ្សេលេនស្គី បានបង្កើតឱ្យមានភាពច្របូកច្របល់៕