(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃសៅរ៍នេះបានធ្វើការថ្កោលទោស ជាខ្លាំងលើការវាយប្រហារដោយកាំភ្លើងធំទៅលើស្ថានទូតរុស្ស៊ីប្រចាំនៅរដ្ឋធានី Damascus នៃប្រទេស៊ីរី ដែលបានបង្កឲ្យមានការខូចខាតមួយចំនួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០១៦។
ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថានៅថ្ងៃសុក្រម្សិលមិញនេះ ស្ថានទូតរុស្ស៊ីប្រចាំនៅប្រទេសស៊ីរី បានទទួលការវាយប្រហារដោយកាំភ្លើងធំចំនួនពីរគ្រាប់ ពីសំណាក់ពួកក្រុមភេរវករដែលបានបាញ់ចេញ ពីតំបន់ Jobar ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រឆាំងរដ្ឋាភិបាល។
យោងតាមសេចក្តីថ្លែងការដែលចេញដោយក្រសួងខាងលើដដែល បានឲ្យដឹងដែរថាជាសំណាងល្អ ពុំមានជនណាម្នាក់បានរងគ្រោះនៅក្នុងការវាយប្រហារនេះឡើយ ដោយស្ថានទូតគ្រាន់តែបានទទួលរង ការបំផ្លិចបំផ្លាញបន្តិចបន្តួចតែប៉ុណ្ណោះ ខណៈមួយគ្រាប់ត្រូវបានបាញ់មកចំខ្លោងទ្វារចូល និងមួយគ្រាប់ផ្សេងទៀតធ្លាក់នៅក្រៅរបងស្ថានទូត។
ជាមួយគ្នានេះដែរក្រសួងការបរទេសរុស្ស៊ី ក៏បានថ្កោលទោសដោយផ្ទាល់ផងដែរចំពោះការវាយប្រហារ ដោយអំពើភេរវកម្មប្រឆាំងនឹងបេសកម្មការទូតរបស់ប្រទេសរុស្ស៊ីនេះ ហើយនឹងចាំតាមដានមើលថាតើ អន្តរជាតិនឹងឆ្លើយតបទៅនឹងបទឧក្រិដ្ឋនេះដោយរបៀបណា ព្រោះថាប្រតិកម្មទៅលើទង្វើបែបនេះ នឹងបង្ហាញពីធាតុពិតថាតើប្រទេសណា ជាដៃគូពិតប្រាកដដែលជួយយើង ប្រឆាំងនឹងភេរករ៕