(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃសៅរ៍ ទី២២ ខែមីនា មានការវាយប្រហារដោយកាំភ្លើងធំ និងតាមផ្លូវអាកាសទៅលេីភាគខាងត្បូងលីបង់ បន្ទាប់ពីអ៉ីស្រាអែលនិយាយថា ខ្លួនបានស្ទាក់ចាប់គ្រាប់រ៉ុក្កែតដែលបាញ់ឆ្លងកាត់ព្រំដែន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មុនដំបូង យោធាអ៉ីស្រាអែលនិយាយថា ខ្លួនបានស្ទាក់ចាប់រ៉ុក្កែតចំនួន ៣គ្រាប់ដែលបាញ់ចេញពីស្រុកមួយរបស់លីបង់ ចម្ងាយប្រហែល ៦គីឡូម៉ែត្រ ភាគខាងជើងនៃព្រំដែន។ យោធាអ៉ីស្រាអែលកំពុងរកមើលថា តើនរណាជាអ្នកបាញ់ផ្លោងឆ្ពោះមកកាន់ទីក្រុង Metula រីឯហេសបូឡា មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នៅឡេីយទេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់រាយការណ៍ថា កាំភ្លើងធំរបស់អ៉ីស្រាអែលបានវាយប្រហារទីក្រុងចំនួនពីរនៅភាគខាងត្បូងលីបង់ ជាមួយនិងការវាយប្រហារតាមអាកាសទៅលើទីក្រុងចំនួន ៣ផ្សេងទៀតដែលនៅជិតព្រំដែន។ មិនមានសេចក្តីរាយការណ៍ពីការខូចខាត ឬអ្នករងរបួសពីភាគីទាំងសងខាងនៅឡេីយទេ។
គួរបញ្ជាក់ថា នេះជាការប៉ះទង្គិចគ្នាលេីកទីពីរដែលបង្កគ្រោះថ្នាក់ដល់បទឈប់បាញ់ដ៏រង្គោះរង្គើ និងដែលបានបញ្ចប់សង្គ្រាមរយៈពេលមួយឆ្នាំរវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់។ វាក៏បានកេីតឡេីងនៅពេលដែលអ៉ីស្រាអែលបេីកការវាយប្រហារនៅតំបន់ហ្កាហ្សាឡេីងវិញផងដែរ៕