Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក គីម ជុងអ៊ុន បញ្ជាក់ពីការបន្តគាំទ្រសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ក្នុងជំនួបជាមួយមន្រ្តីសន្តិសុខកំពូលរុស្ស៉ី (Video inside)

22-03-2025 15:13

(ព្យុងយ៉ាង)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញពីការបន្តគាំទ្រឥតងាករេរបស់លោក សម្រាប់សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន អំឡុងជំនួបពិភាក្សាជាមួយ​មន្រ្តីសន្តិសុខកំពូលរុស្ស៉ី លោក Sergei Shoigu នៅទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នាថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥។

KCNA បានឱ្យដឹងថា អំឡុងជំនួបខាងលើ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃសុក្រ ទី២១ ខែមីនា លោក គីម បាននិយាយថា រដ្ឋាភិបាលកូរ៉េខាងជើង នឹងបន្តគាំទ្រឥតផ្លាស់ប្តូរឡើយចំពោះរុស្ស៉ី ក្នុងអ្វីដែលទីក្រុងព្យុងយ៉ាងហៅថា ការតស៊ូការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងផលប្រយោជន៍សន្តិសុខ។ រីឯលោក Shoigu វិញ បានពាំនាំនូវការអរគុណរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន សម្រាប់ការចូលរួមសាមគ្គីភាពរបស់កូរ៉េខាងជើង ជាមួយគោលជំហររបស់រុស្ស៉ី ជុំវិញបញ្ហាភូមិសាស្រ្តនយោបាយសំខាន់ៗ ជាពិសេសលើបញ្ហាអ៊ុយក្រែន។

កូរ៉េខាងជើងបានជួយផ្គត់ផ្គង់សព្វាវុធជាច្រើនដល់រុស្ស៉ី ហើយកាលពីអំឡុងខែតុលា ឆ្នាំ២០២៤ បានបញ្ជូនកងទ័ពខ្លួនប្រហែល ១០ ០០០ ទៅ១២ ០០០នាក់ ទៅកាន់ប្រទេសរុស្ស៉ីផងដែរ ដើម្បីជួយរុស្ស៉ីវាយបណ្តេញកងកម្លាំងអ៊ុយក្រែន ចេញពីតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៉ី។ កាលពីចុងខែកុម្ភៈ ចារកម្មកូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងជើង បានបញ្ជូនកងទ័ព​បន្ថែមទៀតទៅរុស្ស៉ី។

គួរបញ្ជាក់ថា បើតាមអ្នកវិភាគមួយចំនួន ទស្សនកិច្ចរបស់លោក Shoigu ទំនងជាអាចពាក់ព័ន្ធទៅនឹង ការត្រៀមរៀបចំ​សម្រាប់ឱ្យលោក គីម ធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី។ លោក ពូទីន បានអញ្ជើញលោក គីម ទៅបំពេញទស្សនកិច្ចនៅ​ទីក្រុងមូស្គូ នៅពេលដែលលោកបានធ្វើដំណើរមកព្យុងយ៉ាង កាលពីឆ្នាំមុន ដើម្បីបើកកិច្ចប្រជុំកំពូល។ កាលពីឆ្នាំ២០២៣ លោក Shoigu ធ្លាប់បានធ្វើដំណើរមកកូរ៉េខាងជើង ដែលកាលនោះ ក្នុងនាមជារដ្ឋមន្រ្តីការពារជាតិរុស្ស៉ី ហើយបានទស្សនាពិព័រណ៍សព្វាវុធកូរ៉េខាងជើង។ រីឯកាលពីខែកញ្ញា ឆ្នាំ២០២៤ លោក Shoigu បានមកកូរ៉េខាងជើងម្តងទៀត ក្នុងនាមជាលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី ហើយបានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយលោក គីម៕