(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានប្រកាសថ្កោលទោសកូរ៉េខាងជើង ជុំវិញការជេរប្រមាថមាក់ងាយ យ៉ាងធ្ងន់ធ្ងរមកលើលោកស្រី ផាក គើនហេ ខណៈដែលរឿងអាស្រូវនៃមនុស្សជំនិតរបស់ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ កំពុងតែរីកសុះសាយយ៉ាងខ្លាំងនៅតាមបណ្តាញសារព័ត៌មាននានា នៅក្នុងនិងក្រៅប្រទេស។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានយ៉ុនហាប់ នារសៀលថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០១៦។

កាសែតរដ្ឋដ៏ល្បីឈ្មោះមួយនៅកូរ៉េខាងជើងឈ្មោះ Rodong Sinmun បានសរសេរអត្ថបទមួយចំនួន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រោយពីមានការលេចឮទាក់ទងនឹងមនុស្សជំនិតរបស់លោកស្រី ផាក គឺលោកស្រី Choi Soon-sil ដែលត្រូវបានគេចោទថា បានបង្ខំឲ្យក្រុមហ៊ុនមួយចំនួនចូលទៅធ្វើការ បរិច្ចាគប្រាក់ទៅកាន់មូលនិធិសប្បុរសធម៌មួយរបស់ខ្លួន ដោយប្រើប្រាស់ភាពស្និតស្នាល ជាមួយនឹង លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង ជាខែលសម្រេចគោលបំណងរបស់ខ្លួន។

ជុំវិញបញ្ហានេះដែរកាសែតកូរ៉ខាងជើងបានសរសេរចំអក កូរ៉េខាងត្បូងដូច្នេះថា «លោកស្រី ផាក នឹងប្រឈមមុខចំពោះភាពស្រពេចស្រពិលដូចជាឪពុករបស់លោកស្រី និងអតីតប្រធានាធិបតី កណ្តាប់ដៃដែក Park Chung-hee ផងដែរ ជុំវិញរឿងអាស្រូវកាន់តែជ្រាលជ្រៅជាមួយនឹង មនុស្សជំនិតឈ្មោះ Choi Soon-sil ម្នាក់នោះ»

ឆ្លើយតបរឿងនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសថ្កោលទោសកូរ៉េខាងជើង ចំពោះការលូកដៃចូល កិច្ចការផ្ទៃក្នុង និងការប្រើពាក្យសម្តីមិនសមគួរទាល់តែសោះមកលើលោកស្រី ផាក។ បន្ថែមពីនេះ កូរ៉េខាងត្បូងក៏បានអំពាវនាវឲ្យរបបដឹកនាំកូរ៉េខាងជើង ងាកទៅគិតគូរតែលើបញ្ហាផ្ទៃក្នុងរបស់ខ្លួនវិញទៅ ដូចជាប្រជាជនដែលកំពុងរស់នៅក្នុងជីវភាពដ៏វេទនា ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន ហើយកុំ សង្ឃឹមឲ្យសោះថាទីក្រុងព្យុងយ៉ាង អាចយករឿងនេះមកបង្កភាពតានតឹងនៅទីក្រុងសេអ៊ូលបាននោះ៕