(យូអិន)៖ ប្រទេសរុស្ស៊ីត្រូវបានប្រទេសជាច្រើន បោះឆ្នោតទម្លាក់ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិហើយ ដោយសារក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សជាច្រើនបានលើកឡើងថា វាជាការឆ្លុះបញ្ចាំងឲ្យឃើញពីការមិនពេញចិត្តរបស់អន្តរជាតិ ចំពោះការពាក់ព័ន្ធរបស់រុស្ស៊ីនៅក្នុង សង្រ្គាមនៃប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០១៦។
អង្គការសិទ្ធិមនុស្សជាង៨០បានរួមគ្នាអំពាវ ជាពិសេសដល់បណ្តាប្រទេសដែលជាសមាជិកនៃ អង្គការសហប្រជាជាតិ ឲ្យបោះឆ្នោតទម្លាក់ប្រទេសរុស្ស៊ីចេញពីសមាជិកភាពនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ដោយសារតែរុស្ស៊ីបានផ្តល់ជំនួយយោធាដល់ ប្រធានាធិបតីស៊ីរីលោក Bashar al-Assad នៅក្នុងសង្រ្គាមដ៏ពោរពេញទៅដោយថ្លុកឈាមនៅក្នុងប្រទេសស៊ីរី។
ជាងនេះទៅទៀតប្រទេសរុស្ស៊ីត្រូវបានអន្តរជាតិចោទប្រកាន់ថា បានធ្វើការទម្លាក់គ្រាប់បែកដោយគ្មាន ការយោគយល់ និងសណ្តោសប្រណីអ្វីបន្តិចសោះឡើយ សូម្បីតែចំពោះប្រជាជន ស្លូតត្រង់ដែលរស់នៅ ក្នុងប្រទេសស៊ីរីជាពិសេសទីក្រុងអាឡេប៉ូ ជាច្រើននាក់ក៏ស្លាប់ទៅជាមួយក្រុមសកម្មប្រយុទ្ធផងដែរ។
ប្រធានអង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក John Fisher បានថ្លែងដូច្នេះថា «វាគឺការដាស់តឿនយ៉ាងច្បាស់មួយសម្រាប់ទីក្រុងមូស្គូ ហើយយើងសង្ឃឹមដោយមុតមាំថា អត្ថន័យ នៃការបោះឆ្នោតនៅថ្ងៃនេះ គឺជាតំរូវការចាំបាច់មួយសម្រាប់ធ្វើឲ្យការប្រព្រឹត្តរបស់រុស្ស៊ីនៅក្នុង ប្រទេសស៊ីរី សមស្របទៅតាមច្បាប់ការពារសិទ្ធិមនុស្សនៃស្ថាប័នកំពូលរបស់អន្តរជាតិ»។
គួរបញ្ជាក់ដែរថាជំនួសឲ្យប្រទេសរុស្ស៊ីមហាសន្និបាតនៃអង្គការសហប្រជាជាតិ បានបោះឆ្នោត ជ្រើសតាំងប្រទេស ហុងគ្រី និងក្រូអាស៊ី ឲ្យធ្វើជាអ្នកតំណាងតំបន់អឺរ៉ុបខាងកើតវិញ នៅក្នុងក្រុមប្រឹក្សា ដែលមានតួនាទីទទួលបន្ទុកឃ្លាំងមើល និងស៊ើបអង្កេតរាល់ការរំលោភបំពានសិទ្ធិមនុស្សនានា នៅទូទាំងពិភពលោក។ ម៉្យាងវិញទៀត រុស្ស៊ីគឺជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សដែលមាន ៤៧ប្រទេសរបស់អង្គការសហប្រជាជាតិរហូតមក ចាប់តាំងពីពេលវាត្រូវបានបង្កើតឡើងនៅក្នុង ឆ្នាំ២០០៦ ហើយទើបតែឆ្នាំនេះប៉ុណ្ណោះដែលត្រូវបានគេព្រួតគ្នាបោះឆ្នោតទម្លាក់៕