(អង់ការ៉ា)៖ នៅក្នុងអំឡុងពេលនៃការស៊ើបអង្កេតទៅលើ ករណីរដ្ឋប្រហារបរាជ័យដែលធ្វើឡើងកាលពី ខែកក្កដាកន្លងទៅនេះ រដ្ឋាភិបាលតួកគីបានបន្តធ្វើការដកតំណែងមន្រ្តីចំនួន៤៦០នាក់បន្ថែមទៀត ចេញក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ នៅមុនមួយថ្ងៃនៃពិធីបុណ្យជាតិរបស់ប្រទេសតួកគី ប្រារព្ធឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០១៦។
ក្រសួងមហាផ្ទៃរបស់ប្រទេសតួកគីបានប្រកាសថា បុគ្គលិកជាមន្រ្តីរបស់ខ្លួនចំនួន១៥៣រូប ត្រូវបានបណ្តេញចេញពីជួរកងពលយោធារួមជាមួយនិង១១២រូបផ្សេងទៀត ត្រូវបានដកចេញពី កងល្បាតដែនសមុទ្រ ខណៈក្រសួងការពារជាតិវិញបានបញ្ជាក់ថា យោធាជើងគោក និងជើងទឹករបស់ ប្រទេសតួកគីបានដកតំណែងពលទាហានចំនួន១៩៥រូបផងដែរ។
គួរបញ្ជាក់ដែរថាការបណ្តេញចេញពីជួរការងារនេះ ត្រូវបានធ្វើឡើងជាផ្នែកមួយនៃការស៊ើបអង្កេត ទៅលើចលនារបស់បុព្វជិតអ៊ីស្លាមលោក Fethullah Gulen ដែលសព្វថ្ងៃកំពុងជ្រកកោណនៅក្នុងទឹកដី សហរដ្ឋអាមេរិកដោយសារតែទីក្រុងអង់ការ៉ា បានធ្វើការចោទប្រកាន់ថាជាមេខ្លោងនៅពីក្រោយ រដ្ឋប្រហារយោធាមិនបានសម្រេច ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែកក្កដា ហើយបុគ្គលដែលត្រូវ បានក្រសួងទាំងពីរខាងលើដកចេញពីតំណែងទាំងប៉ុន្មាននោះ ត្រូវបានគេរកឃើញថាមានជាប់ពាក់ព័ន្ធ ជាមួយនឹងចលនារបស់បុព្វជិតរូបនេះ។
ដោយឡែកមនុស្សជាង៤០,០០០នាក់ត្រូវបានឃុំខ្លួនពីបទសង្ស័យជាប់ពាក់ព័ន្ធជាមួយនឹង ចលនារបស់បុព្វជិត Gulen គិតចាប់តាំងពីពេលដែលកើតមានរដ្ឋប្រហារបរាជ័យមក៕