(ម៉ូស្គូ)៖ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានផ្ញើសារទៅកាន់មេដឹកនាំស៊ីរី លោក Ahmed al-Sharaa ដោយគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបូរណភាពទឹកដីរបស់ប្រទេសស៊ីរី និងផ្តល់ «កិច្ចសហប្រតិបត្តិការជាក់ស្តែង»​ របស់រុស្ស៊ីលើគ្រប់បញ្ហាទាំងអស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ ២០២៥។

ការដួលរលំនៅក្នុងខែធ្នូរបស់របបលោក Bashar al-Assad ចំពោះក្រុមឧទ្ទាមដែលដឹកនាំដោយ លោក Sharaa បន្ទាប់ពីសង្គ្រាមស៊ីវិលរយៈពេល ១៣ ឆ្នាំ បានបង្ខំឱ្យរុស្ស៊ីព្យាយាមពង្រឹងមូលដ្ឋានរបស់ខ្លួននៅក្នុងប្រទេសស៊ីរី។ ទីក្រុងម៉ូស្គូក៏មានការព្រួយបារម្ភ ចំពោះរលកនៃការសម្លាប់រង្គាលនៅក្នុងប្រទេសនេះផងដែរ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងថា លោក ពូទីន បានប្រាប់លោក Sharaa ថា លោក គាំទ្រ «កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យស្ថានការណ៍ក្នុងប្រទេសមានស្ថិរភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្នុងផលប្រយោជន៍នៃការធានាអធិបតេយ្យភាព ឯករាជ្យភាព ឯកភាព និងបូរណភាពទឹកដី»។

លោក Peskov បានបន្ថែមថា រុស្ស៊ីត្រៀមខ្លួនជាបន្តក្នុងការ «អភិវឌ្ឍកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយថ្នាក់ដឹកនាំស៊ីរី លើគ្រប់បញ្ហាទាំងអស់នៅលើរបៀបវារៈទ្វេភាគី ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរុស្ស៊ី-ស៊ីរី»

វិមានក្រឹមឡាំង ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អតីតគ្រួសារលោក អាសាដ ដែលកាន់អំណាចជាង ៥០ ឆ្នាំមកហើយនោះ បាននិយាយកាលពីដើមខែនេះថា ខ្លួនចង់ឃើញស៊ីរីរួបរួមគ្នា និងមានមិត្តភាព ព្រោះអស្ថិរភាពនៅទីនោះ អាចប៉ះពាល់ដល់មជ្ឈិមបូព៌ាទាំងមូល៕