(វ៉ាស៊ីនតោន)៖ ២ខែបន្ទាប់ពីក្រសួងអប់រំអាមេរិកបានបើកទ្វារដំណើរការជាផ្លូវការក្នុងឆ្នាំ១៩៨០ ក្រុមអ្នកនយោបាយសាធារណរដ្ឋបានអនុម័តកម្មវិធីនយោបាយមួយដែលអំពាវនាវឱ្យសភាទាំង២ របស់សហរដ្ឋអាមេរិកបិទក្រសួងនេះចោលវិញ។ ឥលូវ ពោលគឺជាង៤ទសវត្សរ៍ក្រោយមក លោក ដូណាល់ ត្រាំ ប្រហែលជាកំពុងខិតកាន់កៀកជាងប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋណាៗ ទាំងអស់ ដើម្បីធ្វើឱ្យក្ដីសុបិនបិទក្រសួងអប់រំអាមេរិកក្លាយជាការពិត។ ក្នុងរយៈពេល៥០ថ្ងៃ នៃការឡើងកាន់អំណាចជាប្រធានាធិបតីអាមេរិក លោក ត្រាំបានចេញបញ្ជាឱ្យកាត់បន្ថយ៤៧ភាគរយ នៃបុគ្គលិកសរុប ៤១៣៣នាក់របស់ក្រសួងអប់រំ។ ប៉ុន្តែហេតុអ្វីបានលោក ត្រាំ ចង់បិទក្រសួងអប់រំអាមេរិកចោល?

តាមពិតទៅ គំនិតចង់បិទក្រសួងអប់រំមិនមែនជារឿងថ្មីថ្មោងនោះទេ។ គណបក្សសាធារណរដ្ឋបានប្រឆាំងជំទាស់ទៅនឹងការចុះហត្ថលេខារបស់អតីតប្រធានាធិបតីអាមេរិកមកពីបក្សប្រជាធិបតេយ្យ លោក Jimmy Carter លើច្បាប់មួយកាលពីឆ្នាំ១៩៧៩ ដើម្បីបង្កើតក្រសួងអប់រំ ដោយពួកគេសំអាងថាចង់កាត់បន្ថយការគ្រប់គ្រងរបស់រដ្ឋាភិបាលសហព័ន្ធ កាត់បន្ថយការចំណាយ និងការពារ ស្វ័យភាពរបស់រដ្ឋនីមួយៗរបស់សហរដ្ឋអាមេរិក។ គណបក្សសាធារណរដ្ឋយល់ថាក្រសួងអប់រំ គួរតែត្រូវបានចាត់ចែងជាចម្បងដោយរដ្ឋនីមួយៗ និងក្នុងកម្រិតតំបន់ ជាជាងកម្រិតសហព័ន្ធ។

មួយឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៨០ លោក Ronald Reagan បានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ ហើយជ័យជម្នះរបស់លោកត្រូវបានគេមើលឃើញថាកើតមានឡើង ដោយសារតែការសន្យាថារូបលោកនឹងដាក់កំហិតលើរដ្ឋាភិបាលសហព័ន្ធដែលលោក Reagan ផ្ទាល់បាននិយាយថានឹងគ្របដណ្ដប់លើបញ្ហាជាច្រើនក្នុងនោះរួមមានការអប់រំផងដែរ។ នៅឆ្នាំ១៩៨២ លោក Reagan បានប្រើប្រាស់សុន្ទរកថារបស់លោកទៅកាន់សភាអាមេរិកទាំង២ ដើម្បីអំពាវនាវឱ្យសភាបិទក្រសួងចំនួន២ គឺក្រសួងថាមពល និងក្រសួងអប់រំ។ ថែ្លងនៅពេលនោះ លោក Reagan បានលើកឡើងថា «យើងត្រូវតែកាត់បន្ថយបន្ថែមទៀតនូវការចំណាយមិនចាំបាច់របស់រដ្ឋាភិបាល និងលុបបំបាត់ចោលប្រភពដើមនៃការខ្ជះខ្ជាយ ហើយយើងនឹងបន្តកិច្ចប្រឹងប្រែងរបស់យើងដើម្បី កាត់បន្ថយចំនួនបុគ្គលិកសហព័ន្ធ»។

លោក Reagan មិនអាចបញ្ចុះឱ្យគណបក្សប្រជាធិបតេយ្យដែលគ្រប់គ្រងសភាតំណារាស្ត្រអាមេរិកនៅពេលនោះ គាំទ្រផែនការរបស់លោកបានឡើយ ហើយចុងក្រោយការប៉ុនប៉ងរបស់លោកបានសាបរលាប បន្តិចម្ដងៗចេញពីអាទិភាពរបស់គណបក្សសាធាណរដ្ឋ។ ប៉ុន្តែវាក៏មិនបានរលាយបាត់ទាំងស្រុងនោះទេ។ អតីតប្រធានសភាតំណាងរាស្ត្រ លោក New Gingrich បានអំពាវនាវឱ្យរំលាយចោលក្រសួងអប់រំ សាជាថ្មីនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៩០។ តមកទៀត នៅក្នុងការប្រកួតប្រជែងដណ្ដើមតំណែងជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សសាធារណរដ្ឋកាលពីឆ្នាំ២០០៨ លោក Ron Paul និងលោក Mitt Romney សុទ្ធតែបានគាំទ្រឱ្យបិទក្រសួងអប់រំអាមេរិក ឬកាត់បន្ថយចំនួនបុគ្គលិកមួយភាគធំ។ មួយឆ្នាំក្រោយមក គឺនៅឆ្នាំ២០០៩ សំណើបិទក្រសួងអប់រំត្រូវបានបោះឆ្នោតជំទាស់នៅក្នុង សភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សសាធាណរដ្ឋ បើទោះជាមានការគាំទ្រភាគច្រើនពីផ្ទៃក្នុងបក្សក៏ដោយ។ តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ ១៦១នាក់ បានបោះឆ្នោតគាំទ្រ ខណៈ៦០នាក់ បានបោះឆ្នោតជំទាស់។

តួនាទីចម្បងរបស់ក្រសួងអប់រំគឺផ្ដល់កញ្ចប់ថវិកាសហព័ន្ធទៅឱ្យសាលារដ្ឋ ចាត់ចែងជំនួយហិរញ្ញវត្ថុសម្រាប់ថ្នាក់ឧត្តមសិក្សា (សាកលវិទ្យាល័យ) និងគ្រប់គ្រងលើកម្ចីសហព័ន្ធរបស់និស្សិត។ ក្រសួងមួយនេះ ក៏មានភារៈអនុវត្តច្បាប់សិទ្ធិស៊ីវិលនៅក្នុងសាលារៀន និងគាំទ្រកម្មវិធីសម្រាប់សិស្សនិសិ្សតមានពិការភាពផងដែរ។ លោក ដូណាល់ ត្រាំ ធ្លាប់បានបង្ហាញពីចេតនាចង់បិទក្រសួងអប់រំអាមេរិក តាំងពីអាណត្តិទី១ មួយរបស់លោកមកម្លេះ។ រហូតដល់កាលពីថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ឡើងវិញច្បាស់ថា រូបលោកមានបំណងចង់​បិទក្រសួងអប់រំ ដោយប្រើបទបញ្ជាប្រតិបត្តិ ។ តាមលោក ត្រាំ រដ្ឋាភិបាលអាមេរិក បានចំណាយទៅលើសិស្ស ច្រើនជាងប្រទេសណាៗទាំងអស់ ប៉ុន្តែគុណភាពអប់រំស្ថិតនៅចំណាត់ថ្នាក់មិនល្អជាខ្លាំង ហើយអ្វីដែលលោកចង់បាននោះ គឺទុកឱ្យ​រដ្ឋនីមួយៗ ជាអ្នកទទួលបន្ទុកគ្រប់គ្រងលើសាលារៀនវិញ។ ក៏ប៉ុន្តែនៅមានសំណួរមួយដ៏សំខាន់ថាតើលោក ត្រាំ អាចបិទក្រសួងអប់រំដោយប្រើបទបញ្ជាប្រតិបត្តិបានដែរទេ?

ជាការពិតណាស់ ការបិទក្រសួងអប់រំមិនអាចធ្វើឡើងដោយគ្រាន់តែមានបទបញ្ជាប្រតិបត្តិរបស់លោក ត្រាំបាននោះឡើយ ហើយលោក ត្រាំខ្លួនឯងក៏ធ្លាប់ទទួលស្គាល់ដែរថាលោកនឹងត្រូវធ្វើការជាមួយ សភាអាមេរិកទាំង២ ព្រមទាំងសហជីពគ្រូបង្រៀន ដើម្បីសម្រេចរឿងនេះ។ លោក ត្រាំ មិនត្រឹមតែត្រូវការគាំទ្រពីសភាតំណាងរាស្ត្រប៉ុណ្ណោះទេ តែរូបលោកក៏ត្រូវការការគាំទ្រយ៉ាងសម្បើមមួយពី ព្រឹទ្ធសភាអាមេរិកដែរ នោះគឺសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភា ៦០រូប ក្នុងចំណោម១០០រូប។

គួរបញ្ជាក់ថា ឧបសគ្គធំរបស់លោក ត្រាំ គឺនៅ​ព្រឹទ្ធសភាអាមេរិកនេះឯង។ គណបក្សសាធារណរដ្ឋកំពុងគ្រប់គ្រងព្រឹទ្ធសភាជាមួយសំឡេង ៥០ ទល់នឹង៤៧ របស់គណបក្សប្រជាធិបតយ្យ។ ក៏ប៉ុន្តែ សេចក្តីព្រាងច្បាប់ធំៗ ដូចជាច្បាប់ដើម្បីបិទក្រសួង​ជាដើម ត្រូវការសំឡេងគាំទ្រសរុប៦០អាសនៈ ពោលគឺត្រូវការការគាំទ្រពីសមាជិកបក្សប្រជាធិបតេយ្យ យ៉ាងហោច៦នាក់។ ពុំទាន់មានសញ្ញ បង្ហាញថា សមាជិកបក្សប្រជាធិបតេយ្យ នៅព្រឹទ្ធសភាអាមេរិក នឹងគាំទ្រការរំលាយក្រសួងអប់រំនៅឡើយទេ៕