(ប្រ៊ុចសែល)៖ សហភាពអឺរ៉ុប (EU) បានសម្រេចពន្យារពេលការដាក់ចេញវិធានការសងសឹកដំបូងរបស់ខ្លួន ប្រឆាំងនឹងសហរដ្ឋអាមេរិករឿងពន្ធលើលោហធាតុរបស់ប្រធានាធិបតី ដូណាល់ ត្រាំ រហូតដល់ពាក់កណ្តាលខែមេសា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ ២០២៥។
តាមគម្រោងដំបូង EU គ្រោងនឹងដាក់ពន្ធលើទំនិញអាមេរិកដែលមានតម្លៃ ៤.៥ ពាន់លានអឺរ៉ូ នៅថ្ងៃទី ១ ខែមេសា និង ១៨ ពាន់លានអឺរ៉ូទៀតនៅថ្ងៃទី ១៣ ខែមេសា។ វិធានការប្រឆាំងដំបូងគេនោះ រួមមានការដាក់ពន្ធ ៥០% លើស្រា bourbon របស់សហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា លោក ត្រាំ បានគំរាមដាក់ពន្ធ ២០០% លើស្រា និងផលិតផលគ្រឿងស្រវឹងផ្សេងទៀត ដែលនាំចូលពីសហភាពអឺរ៉ុប ប្រសិនបើប្លុកនេះបន្តអនុវត្តវិធានការសងសឹកនេះ។ ទន្ទឹមនឹងនោះ រដ្ឋបាលត្រាំ ក៏កំពុងរៀបចំផែនការពន្ធ «ទៅវិញទៅមក» នៅថ្ងៃទី ២ ខែមេសា ដើម្បីស្ដារតុល្យភាពប្រព័ន្ធពាណិជ្ជកម្មពិភពលោកឡើងវិញផងដែរ។
ស្នងការពាណិជ្ជកម្មអ៊ឺរ៉ុប លោក Maros Sefcovic បានថ្លែងថា ការពន្យារពេលនេះគឺដើម្បីឱ្យ EU អាចពិនិត្យឡើងវិញនូវទំនិញណាខ្លះដែលគួរកំណត់គោលដៅ និងផ្តល់ពេលវេលាបន្ថែមទៀត សម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ការពន្យារពេលរបស់ EU អាចនឹងអនុញ្ញាតឱ្យមានការកែសម្រួលខ្លះចំពោះបញ្ជីទំនិញអាមេរិកដែលនឹងរងផលប៉ះពាល់៕