Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌូណេស៉ី អនុម័តច្បាប់ដែលអនុញ្ញាតឱ្យមន្រ្តីយោធា កាន់តួនាទីរដ្ឋាភិបាលច្រើនជាងមុន (Video inside)

20-03-2025 14:14

(ហ្សាការតា)៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា សភានៃប្រទេសឥណ្ឌូណេស៉ី បានធ្វើវិសោធនកម្មច្បាប់មួយ ដែលអនុញ្ញាតឱ្យ​សមាជិកយោធា កាន់តួនាទីបានច្រើនជាងមុនក្នុងរដ្ឋាភិបាល ទោះមានការរិះគន់ថា វានឹងពង្រីកតួនាទីកងកម្លាំងប្រដាប់អាវុធ នៅក្នុងកិច្ចការស៉ីវិលក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការធ្វើវិសោធនកម្មច្បាប់កងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានជំរុញជាចម្បងដោយរដ្ឋាភិបាលចម្រុះ របស់ប្រធានាធិបតី លោក Prabowo Subianto មានគោលដៅពង្រីកតួនាទីរបស់យោធា ឱ្យលើសពីវិស័យការពារជាតិ។ ការកែសម្រួលនេះ បានបង្កឱ្យមានក្តីបារម្ភអំពី ការវិលត្រឡប់មកវិញនៃយុគសម័យរបស់ អតីតមេដឹកនាំផ្តាច់ការ Suharto ដែលជាបុគ្គលលោក Prabowo ធ្លាប់បម្រើក្នុងនាមជាឧត្តមសេនីយ៍ម្នាក់ និងដែលជាបុគ្គលបានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីបង្រ្កាបលើក្រុមប្រឆាំង។

យ៉ាងណាមិញ កាលពីសប្តាហ៍មុន ប្រមុខយោធាឥណ្ឌូណេស៉ី លោក Agus Subiyanto បានប្រាប់ទៅកាន់ក្រុមសភាថា ច្បាប់យោធាខាងលើ ដែលត្រូវបានអនុម័តដំបូង តាំងតែពីឆ្នាំ២០០៤ គឺមិនទាន់សម័យកាល និងមិនសមស្របសម្រាប់ប្រើប្រាស់ទៀតទេ ដូច្នេះហើយទើបតម្រូវឱ្យមានការធ្វើវិសោធនកម្មថ្មី។

គួរបញ្ជាក់ថា នៅក្រោមច្បាប់មុន មន្រ្តីយោធាឥណ្ឌូណេស៉ី អាចកាន់តួនាទី នៅក្នុងស្ថាប័នរដ្ឋាភិបាលចំនួន១០ រួមមានទាំងក្រសួងការពារជាតិ ហើយដើម្បីអាចកាន់តួនាទីស៉ីវិល នៅក្នុងស្ថាប័នរដ្ឋាភិបាលដទៃទៀតបាន សមាជិកកងទ័ព នឹងត្រូវលាលែងតំណែង ឬចូលនិវត្តន៍​ពីវិស័យយោធា។ ដោយឡែក ច្បាប់ដែលត្រូវបានកែសម្រួល នាពេលនេះ អនុញ្ញាតឱ្យមន្រ្តីយោធាអាចកាន់តួនាទី នៅក្នុងស្ថាប័នរដ្ឋាភិបាលសរុបចំនួន១៤ រួមមានទាំងការិយាល័យអគ្គរដ្ឋអាជ្ញា និងទីភ្នាក់ងារទប់ស្កាត់គ្រោះមហន្តរាយ៕