បារាំង និងអារ៉ាប៊ីសាអូឌីត ថ្កោលទោសការវាយប្រហារជាថ្មីលើតំបន់ហ្កាហ្សា, នេះបើតាមលោក Macron (Video inside)
20-03-2025 11:28
(រីយ៉ាដ)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានឱ្យដឹងកាលពីថ្ងៃពុធសប្តាហ៍នេះថា លោកបានជជែកជាមួយព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ដោយអ្នកទាំងពីរ បានថ្កោលទោសការបន្តការវាយប្រហារលើតំបន់ហ្កាហ្សា ពីសំណាក់អ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ ២០២៥។
លោក Macron និយាយថា រូបលោកនិងព្រះអង្គម្ចាស់ bin Salman នឹងធ្វើជាសហប្រធានសន្និសីទស្តីពីដំណោះស្រាយរដ្ឋពីរ ដែលមានបំណងស្តារឡើងវិញ នូវទស្សនៈនយោបាយសម្រាប់អ៉ីស្រាអែល និងប៉ាឡេស្ទីន។ លោក Macron បញ្ជាក់ថា ការត្រឡប់ទៅរកបទឈប់បាញ់ គឺចាំបាច់សម្រាប់ការដោះលែងចំណាប់ខ្មាំងនៅសល់ និងដើម្បីការពារអាយុជីវិតជនស៉ីវិល ដោយបន្ថែមថា លោកនិងព្រះអង្គម្ចាស់ bin Salman ក៏បានពិភាក្សាផងដែរ អំពីតម្រូវការដើម្បីធ្វើការរួមគ្នា លើបញ្ហាអនាគតរបស់តំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ អ៉ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើតំបន់ហ្កាហ្សា បណ្តាលឱ្យមនុស្សជាង ៤០០នាក់ស្លាប់ ហើយនៅថ្ងៃពុធ យោធាអ៉ីស្រាអែល ក៏បានបើកបើកប្រតិបត្តិការវាយលុកជើងគោកសារជាថ្មីផងដែរ ចំពោះមុខភាពជាប់គាំងនៃបទឈប់បាញ់ដំណាក់កាលទីពីរ៕