(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល កាលពីថ្ងៃពុធ ទី១៩ ខែមីនា បាននិយាយថាកងកម្លាំងរបស់ខ្លួនបានបើកប្រតិបត្តិការវាយលុកថ្មើរជើងសាជាថ្មីនៅភាគកណ្ដាល និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសក្នុងថ្ងៃទី២ បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោច៤៨នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការបើកប្រតិបត្តិការវាយលុកថ្មើរជើងសាជាថ្មី កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីជនជាតិប៉ាឡេស្ទីនជាង ៤០០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាស របស់អ៉ីស្រាអែលដែលជាការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតមួយចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣ ដោយបំផ្លាញបទឈប់បាញ់ដែលត្រូវបាន អនុវត្តតាមមួយផ្នែកធំ ចាប់តាំងពីខែមករាមក។
តាមយោធាអ៉ីស្រាអែល ប្រតិបត្តិការយោធារបស់ខ្លួនបានពង្រីកការគ្រប់គ្រងរបស់អ៉ីស្រាអែលលើច្រករបៀង Netzarim ជាទីដែលអ៉ីស្រាអែលមានបំណងបង្កើតតំបន់ទ្រនាប់ មួយរវាងភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា ក្រុមហាម៉ាសប៉ាឡេស្ទីន បាននិយាយថាប្រតិបត្តិការវាយលុកថ្មើរជើងរបស់អ៉ីស្រាអែល និងការឈ្លានពានចូលច្រករបៀង Netzarim គឺជាការរំលោភបំពានថ្មីមួយ និងដ៏គ្រោះថ្នាក់លើកិច្ចព្រមព្រៀងបទឈប់បាញ់មានរយៈពេល២ខែ។ តែព្រមពេលជាមួយគ្នា ហាម៉ាសក៏បានបញ្ជាក់ដែរថាខ្លួនមានការប្ដេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀង និងអំពាវនាវឱ្យក្រុមអ្នកសម្របសម្រួលទទួលខុសត្រូវលើទំនួលខុសត្រូវរបស់ខ្លួន៕